ភ្នំពេញ៖ ធនាគារធំៗចំនួន៨នៅកម្ពុជា បានចុះអនុស្សរណៈជាមួយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លើការផ្តល់ឥណទានមានការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម ៨,៥% ក្នុងមួយឆ្នាំ សម្រាប់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេស ក្នុងគោលដៅជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករ ព្រមទាំងលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដែលការជួយធានាថាពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។ ការចុះអនុស្សរណៈនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
បើតាមសេចក្ដីប្រកាស ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី អាយ លី ហួរ ម.ក (SBI LY HOUR PLC)។
ការចុះអនុស្សរណៈនេះ មានគោលបំណងជួយដល់ពលករ និងសិក្ខាកាមដែលទៅធ្វើការនៅបរទេសឱ្យទទួលបានទំហំឥណទានដែលសមស្របជាមួយនឹងអត្រាការប្រាក់ត្រឹមតែ៨,៥% ដែលជាអត្រាការប្រាក់មិនធ្លាប់មាន និងមានលក្ខខណ្ឌឥណទានល្អប្រសើរសម្រាប់ចំណាយលើការបំពេញឯកសារ និងសេវាកម្មផ្សេងៗ មុននឹងចេញដំណើរទៅធ្វើការនៅបរទេស។
អនុស្សរណៈនេះ នឹងជួយកាត់បន្ថយបន្ទុកចំណាយរបស់ពលករដោយអាចជួយសន្សំជាមធ្យម១០% នៃការប្រាក់ក្នុង១ឆ្នាំ ព្រមទាំងលើកទឹកចិត្តពលករឱ្យប្រើប្រាស់កម្ចីផ្លូវការដែលការជួយធានាថាពលករនឹងបន្តធ្វើការស្របច្បាប់នៅប្រទេសគោលដៅ។ តាមរយៈអនុស្សរណៈនេះ ពលករនឹងអាចខ្ចីប្រាក់ក្នុងកម្រិតអតិបរមាត្រឹម ៥ ០០០ដុល្លារអាម៉េរិក ដោយមិនត្រូវការទ្រព្យធានា និងមានរយៈពេលឥណទានអតិបរមា ២៤ខែ។
សូមបញ្ជាក់ថា ការចុះអនុស្សរណៈរវាងធនាគារធំៗទាំង៨ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនាពេលនេះ បានឆ្លុះបញ្ចាំងនូវឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមអនុវត្តនូវទំនួលខុសត្រូវសង្គមដោយផ្តល់នូវការសម្របសម្រួលជាពិសេសលើបញ្ហាហិរញ្ញវត្ថុទៅដល់បងប្អូនពលករខ្មែរ និងសិក្ខាកាមឱ្យកាន់តែងាយស្រួលបន្ថែមមួយកម្រិតទៀតដែលជាការគិតគូ និងយកចិត្តទុកដាក់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល៕