មណ្ឌលគីរី៖ កសិករសមាជិកស្រូវយងមកពីភូមិចំនួន៥ ក្នុងស្រុកកែវសីមា បានរួមគ្នាផលិតជីកំប៉ុសធម្មជាតិសម្រាប់ប្រើប្រាស់ក្នុងរដូវកាលដាំដុះស្រូវថ្មី និងទុកប្រើលើដំណាំផ្សេងៗទៀត។ ការរួមគ្នាផលិតជីកំប៉ុសនេះ គឺដើម្បីឱ្យមានជីកំប៉ុសសម្រាប់ប្រើប្រាស់ក្នុងការដាំដុះស្រូវសរីរាង្គ ឱ្យសមស្របតាមគោលការណ៏បទដ្ឋានសរីរាង្គ (ផលិតផលស្តង់ដាសរីរាង្គ)។ មួយទៀតគឺដើម្បីបង្កើនចំណេះដឹងដល់កសិករក្នុងសហគមន៏ពីការប្រើប្រាស់ និងផលិតជីធម្មជាតិ។ ក្រៅពីនេះកសិករជាសមាជិកក៏អាចប្រើប្រាស់ធនធានដែលមានស្រាប់ក្នុងទីតាំងរបស់ខ្លួនយកមកប្រើប្រាស់ ដើម្បីកាត់បន្ថយការចំណាយថ្លៃដើមក្នុងការផលិត ដែលនាំឱ្យចំណេញលើផ្នែកសេដ្ឋកិច្ច។
ការអនុវត្តសកម្មភាពនេះមានការគាំទ្រពី គម្រោងរេដបូក កែវសីមា ដែលមានកសិករចូលរួមចំនួនជិត៤០ នាក់ ដែលមកពីភូមិចំនួន៥ ដែលមានដូចជាភូមិពូចារ ភូមិពូគង់ ភូមិស្រែអណ្តោល ភូមិចក់ចារ និងភូមិខ្ទង់ ស្រុកកែវសីមា ខេត្ដមណ្ឌលគីរី។ ការផលិតជីកំប៉ុសនេះផងដែរគឺប្រើរយៈពេល ចន្លោះពី ២ ខែកន្លះទៅ ៣ខែ ទើបកសិករជាសមាជិកអាចយកជីកំប៉ុសទៅប្រើប្រាស់លើដីស្រែបាន។ ដោយរំពឹងថាកសិករ អាចយកជីធម្មជាតិទៅប្រើប្រាស់បាន។
សម្រាប់សកម្មភាពបន្ទាប់គឺនឹងធ្វើការតាមដានទៅលើស្រែរបស់កសិករសមាជិកដែរបានប្រើប្រាស់ជីកំប៉ុស្តពីការលូតលាស់របស់ដំណាំស្រូវ និងធ្វើការប្រមូលទិន្នន័យ និងប្រៀបធៀបស្រែសមាជិករប្រើប្រាស់ជីកំប៉ុស្ត និងមិនមានការប្រើប្រាស់ជីកំប៉ុស៕