Cctimesw1140xh150cm copy

កុមារនៅក្រៅសាលារៀនជាង ១ម៉ឺននាក់ ទទួលបានការគាំទ្រឱ្យត្រឡប់ចូលសាលាឡើងវិញ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ អង្គការទស្សនៈពិភពលោក សហការជាមួយអង្គការអេដ អេ អាក់ស្យុង បានបោះជំហានទៅមុខយ៉ាងសំខាន់ ដោយបានចុះឈ្មោះកុមារដែលងាយរងគ្រោះ ចំនួន ១៤ ៣៧៨នាក់ ចូលក្នុងគម្រោង នៅតាមបណ្តាខេត្តចំនួន ១០ ក្នុងប្រទេសកម្ពុជា គិតត្រឹមខែមិថុនា ឆ្នាំ២០២៤។

ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពី Educate A Child (EAC) នៃមូលនិធិ Education Above All អង្គការអេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក តាមរយៈគម្រោងដៃគូរួមគ្នាផ្តល់ ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា (CCOSC) ដែលមានគោលបំណងលើកកម្ពស់សិទ្ធិទទួលបានការសិក្សាប្រកបដោយសមធម៌ គុណភាព និងភាពពាក់ព័ន្ធនៅកម្រិតបឋមសិក្សា បានធ្វើឱ្យអត្រាកុមារចុះឈ្មោះចូលក្នុងគម្រោង កើនឡើងរហូតដល់ ១៦៨ ភាគរយ លើសគោលដៅរបស់ខ្លួន។

ភាពជោគជ័យនេះ អាចកើតឡើងបានដោយសារគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន តួយ៉ាង៖ ការគាំទ្រសម្ភារសិក្សាសំខាន់ៗ ការកសាងសមត្ថភាពដល់ជនបង្គោលនៅក្នុងវិស័យអប់រំ និងលោកគ្រូ អ្នកគ្រូកម្រិតបឋមសិក្សា យុទ្ធនាការលើកកម្ពស់ការយល់ដឹង និងចុះឈ្មោះចូលរៀន កិច្ចប្រជុំប្រចាំត្រីមាសរវាងមាតាបិតា/អាណាព្យាបាល និងគ្រូបង្រៀន ដើម្បីគាំទ្រសិស្សរៀនយឺត និងរៀបចំវេទិកាឆ្លុះបញ្ចាំងរៀនសូត្រ ដើម្បីចែករំលែកការអនុវត្តល្អបំផុត និងដោះស្រាយបញ្ហាប្រឈមនានាទាក់ទងនឹងការសិក្សារបស់កុមារនៅកម្រិតបឋមសិក្សា។

កុមារដែលនៅក្រៅសាលាត្រូវបានបែងចែកជា៥ ប្រភេទ៖ កុមារដែលមិនបានចូលរៀន កុមារដែលមានលទ្ធភាពទៅរៀនប៉ុន្តែមិនបានចុះឈ្មោះ កុមារដែលមានលទ្ធភាពទៅរៀនហើយបានចុះឈ្មោះចូលរៀនប៉ុន្ដែមិនបានទៅរៀន កុមារស្ថិតក្នុងស្ថានភាពអាសន្ន ឬមានវិបត្តិ និងកុមារដែលបានបោះបង់ការសិក្សា។

លោក ម៉ាត់ សុមីត ប្រធានគម្រោងជាន់ខ្ពស់នៃអង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា៖ «យើងប្តេជ្ញាធានាថា កុមារគ្រប់រូបនៅក្នុងតំបន់គោលដៅរបស់យើងទទួលបានការអប់រំប្រកបដោយគុណភាព។ យើងបានរួមបញ្ចូលកុមារដែលបានចុះឈ្មោះក្នុងគម្រោងទាំងអស់ ទៅក្នុងកម្មវិធីសិក្សាសម្រាប់កម្រិតថ្នាក់ដំបូង និងផ្តល់ជំនួយគាំទ្រសម្ភារៈសម្រាប់ការសិក្សារបស់ពួកគេ។ ការឃើញស្នាមញញឹមរបស់កុមារនៅពេលពួកគេទទួលបានការគាំទ្ររបស់យើង កាន់តែធ្វើឱ្យពួកយើងខិតខំបន្ថែម»។

ក្រុមការងារគម្រោងបានសហការជាមួយសាលារៀន និងសមាជិកសហគមន៍ដើម្បីកំណត់អត្តសញ្ញាណកុមារក្រៅសាលា (ក្នុងនោះមានក្មេងស្រី ៤៩%) និងបានចែកកង់ចំនួន ១ ៥៣១ គ្រឿង កាបូបស្ពាយចំនួន ១៤ ៣២០ សៀវភៅសរសេរចំនួន ៣៨ ៧៦០ ក្បាល និងសៀវភៅបន្ថែមដល់សិស្សថ្នាក់ទី ១ និងទី ២ ចំនួន ៣ ៦០៧ នាក់ នៅក្នុងខេត្តគោលដៅចំនួន ១០ ។

កិច្ចសន្ទនាគោលនយោបាយ និងសកម្មភាពតស៊ូមតិនានា បានរួមចំណែកដល់ការបញ្ចូលអនុសាសន៍ទៅក្នុងគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍វិស័យអប់រំរបស់រាជរដ្ឋាភិបាល ជាពិសេសការអប់រំប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់កុមារដែលងាយរងគ្រោះ។ គម្រោងបន្តតាមដាន និងវាយតម្លៃវឌ្ឍនភាពនៃផែនការសកម្មភាពពីវេទិកាសិក្សាថ្នាក់ខេត្ត និងមានផែនការដើម្បីបង្ហាញលទ្ធផលនៃការអនុវត្តផែនការសកម្មភាពទាំងនោះ ទៅក្នុងវេទិកាដែលនឹងរៀបចំម្តងទៀតនាពេលខាងមុខ ព្រមទាំងបន្តស្វែងរកការគាំទ្របន្ថែមទៀត ដើម្បី រកដំណោះស្រាយចំពោះបញ្ហាផ្សេងៗទៀតដែលមិនទាន់បានឆ្លើយតបនៅឡើយ។

លោកជំទាវ កឹម គឹមអាង សមាជិកក្រុមប្រឹក្សាខេត្តតាកែវ ដែលជាខេត្តមួយក្នុងចំណោមខេត្តទាំង១០ ដែលអង្គការទស្សនៈពិភពលោកអនុវត្ត CCOSC សម្តែងការគាំទ្រដោយលើកឡើងថា៖ «រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាពង្រឹងគុណភាពអប់រំ និងបង្កើនការចុះឈ្មោះចូលរៀនទូទាំងប្រទេស។ យើងមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃគំនិតផ្តួចផ្តើមនេះ។ វឌ្ឍនភាពដែលធ្វើឡើងដោយគម្រោង CCOSC គឺជាសក្ខីភាពមួយចំពោះអ្វីដែលយើងអាចសម្រេចបាន នៅពេលដែលរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលធ្វើការរួមគ្នាដើម្បីភាពប្រសើរឡើងនៃអនាគតរបស់កុមាររបស់យើង»។

ចំណែក លោក ម៉ាត់ សុមីត បានបន្ថែមថា៖ «យើងរំភើបចំពោះអនាគត ហើយប្តេជ្ញាចែករំលែកលទ្ធផលនៃការអនុវត្តផែនការសកម្មភាពទាំងនោះ និងបន្តស្វែងរកការគាំទ្របន្ថែមទៀត ដើម្បីដោះស្រាយបញ្ហាផ្សេងៗទៀតដែលមិនទាន់បានឆ្លើយតប។ តាមរយៈការធ្វើការរួមគ្នា យើងអាចនាំមកនូវការផ្លាស់ប្រែសម្រាប់ជីវិតកុមារដែលបាត់បង់ឱកាសសិក្សានៅកម្ពុជា»។

អង្គការអេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក នៅខែកុម្ភៈ ឆ្នាំ ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូមួយ ក្នុងគោលបំណងលើកកម្ពស់សិទ្ធិទទួលបានដោយសមធម៌ គុណភាព ភាពពាក់ព័ន្ធនៃការអប់រំបឋមសិក្សា និងភាពជាម្ចាស់ ព្រមទាំងគណនេយ្យភាពក្នុងការដោះស្រាយបញ្ហារបស់កុមារក្រៅសាលារៀន ដែលគ្របដណ្តប់សាលាបឋមសិក្សាចំនួន ៦៣៨ នៅក្នុងស្រុកចំនួន ៣១ នៃខេត្តចំនួន ១០ ទូទាំងប្រទេសកម្ពុជា រួមមាន កំពង់ឆ្នាំង កំពង់ស្ពឺ តាកែវ កណ្តាល កំពង់ធំ ក្រចេះ ព្រះវិហារ បន្ទាយមានជ័យ បាត់ដំបង និងសៀមរាប។

លោក វ៉ន សម្ផស្ស នាយកប្រចាំប្រទេសនៃអង្គការអេដ អេ អាក់ស្យុង បានមានប្រសាសន៍ថា៖ «សមិទ្ធផលសំខាន់គឺកិច្ចសហការរួមគ្នារវាងអង្គការអេដ អេ អាក់ស្យុង និងអង្គការទស្សនៈពិភពលោក ក្រោមការដឹកនាំនៃផែនការយុទ្ធសាស្រ្តអប់រំ ដើម្បីធានាថាកុមារដែលជួបការលំបាកក្នុងគ្រួសារ និងសហគមន៍អាចទទួលបានអត្ថប្រយោជន៍ពីសេវាកម្មអប់រំ។ រួមជាមួយដៃគូរួមរបស់យើង យើងប្តេជ្ញាបង្កើតលទ្ធផលដែលមានឥទ្ធិពលជាវិជ្ជមានបន្ថែមទៀត»។

លោក ម៉ាត់ សុមីត បានអះអាងថា៖ «រួមជាមួយដៃគូសហការរបស់យើង យើងប្តេជ្ញាបន្តធ្វើការឆ្ពោះទៅរកលទ្ធផលអប់រំប្រកបដោយវិជ្ជមាន ដោយធានាថាកុមារគ្រប់រូបទទួលបានការអប់រំប្រកបដោយគុណភាព និងឱកាសដើម្បីកសាងអនាគតដ៏ត្រចះត្រចង់»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង