ត្បូងឃ្មុំ៖ក្រុមយុវជន អាជ្ញាធរ និង ប្រជាពលរដ្ឋ បានបន្តដាំ«ដើមត្នោត»ជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ រៀបចំឡើងដោយលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។
លោក អ៊ាង សុផល្លែត បានលើកឡើងថា ការដាំកូនត្នោត ចំនួន ១០០០០ដើម ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត ដើម្បីបណ្ដុះផ្នត់គំនិត «ពន្លកបៃតង» ចូលរួមចំណែកក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដើម្បីផ្តល់ជាប្រយោជន៍ ដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងបរិស្ថាន។សម្រាប់លោករដ្ឋមន្ត្រី ត្នោតគឺជាដើមរុក្ខាជាតិរបស់ប្រទេសកម្ពុជា ហើយព្រឹត្តិការណ៍ដាំកូនត្នោត ពិតជាមានសារៈសំខាន់ ក្នុងការបំផុសស្មារតី របស់ពលរដ្ឋឱ្យស្រឡាញ់ធនធានធម្មជាតិ ស្រឡាញ់ទឹកដី ការពារនិងអភិរក្សាធនធានធម្មជាតិ ការថែរក្សាអត្តសញ្ញាណ និង វប្បធម៌ជាតិរបស់ប្រទេសកម្ពុជា។
គួរបញ្ជាក់ថា កន្លងទៅក្រសួងបរិស្ថានកម្ពុជា ប្រគល់កូនត្នោតចំនួន៣០ម៉ឺនដើម ដល់យុទ្ធនាការ «ពន្លកបៃតង» នៅឆ្នាំ២០២៤ នេះ នៅមុខក្រសួងបរិស្ថានរាជធានីភ្នំពេញ និង តាមមន្ទីរបរិស្ថានទូទាំងប្រទេស ដែលបានចែកជូនកូនឈើសរុប ១លាន ៣សែនដើម រួចមកហើយ ដល់ប្រជាពលរដ្ឋទៅដាំដោយឥតគិតថ្លៃ នៅតាមមូលដ្ឋាន វត្តអារាម សាលារៀន ទីសាធារណៈនិងដាំស្តារព្រៃនៅតាមសហគមន៍នានា ដើម្បីបង្កើនគម្របបៃតង ឆ្ពោះទៅសម្រេចទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញបង្កើនគម្របព្រៃ៦០% នៅឆ្នាំ២០៥០៕