កោះកុង៖បច្ចុប្បន្ននេះការងារស្តារ និង លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)សម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែ កក្កដា ឆ្នាំ២០២៤។នេះបើយោងតាមរបាយការណ៍របស់ក្រសួងសាធារណការ និង ដឹងជញ្ជូន។សព្វថ្ងៃនេះ ការងារស្តារ ផ្លូវជាតិលេខ៤៨ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។
យោងតាមក្រសួងសាធារណការ អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែង នៃកំណាត់តាមបណ្តោយ ផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)ជាឱកាសល្អ និង ពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេស ត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និង ចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។
ក្រសួងសាធារណការ អំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨(ស្រែអំបិល-កោះកុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និង មេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។
បើតាមក្រសួងសាធារណការ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ ជាពិសេសអ្នកប្រើប្រាស់ផ្លូវជាតិលេខ៤៨ មេត្តាយោគយល់ និងអធ្យាស្រ័យខ្ពស់បំផុត៕