Cctimesw1140xh150cm copy

សមាគមឧកញ៉ាកម្ពុជានិងអ្នកវិនិយោគជប៉ុនប្តេជ្ញាលើកកម្ពស់បិរយាកាសធុរកិច្ច

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា និង អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុនប្រចាំកម្ពុជា (JETRO) ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើតនូវកាលានុវត្តភាពធុរកិច្ចរវាង កម្ពុជា-ជប៉ុន និង សមាគមឧកញ៉ាកម្ពុជា។ ការប្ដេជ្ញានេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបផ្គូរផ្គរធុរកិច្ចកម្ពុជា-ជប៉ុន នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤។

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានថ្លែងថា ជប៉ុនគឺជាប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើន ខណៈដែលវិនិយោគិនជប៉ុនទទួលបានទំនុកចិត្តខ្ពស់ និងបានរួមចំណែកជាច្រើនដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគដែលរួមចំណែកក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិ ហើយកម្ពុជាពិតជាត្រូវការភាគីជប៉ុនដូចដែលសម្តេចធិបតីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សូមវិនិយោគិនជប៉ុនចាត់ទុកប្រទេសកម្ពុជាថាជាផ្ទះរបស់ខ្លួន។

លោកអ្នកឧកញ៉ាប្រធានបានសង្កត់ធ្ងន់ថា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍ជានិច្ចនូវកិច្ចសហប្រតិបត្តិការនានារវាងស្ថាប័នទាំងពីរសំដៅជំរុញក៏ដូចជាទាក់ទាញការវិនិយោគបន្ថែមទៀតនៅកម្ពុជា។

លោកស្រី Mio Kawada អនុប្រធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO)

បានលើកឡើងថា ក្នុងនាមលោកស្រីផ្ទាល់រួមជាមួយថ្នាក់ដឹកនាំ JETRO ពិតជាមានភាពកក់ក្តៅ និង រីករាយបំផុតដែលទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីសមាគមឧកញ៉ាកម្ពុជា ដែលបានរៀបចំជំនួបជាមួយសម្តេចធិបតីកាលពីម្សិលមិញ ក៏ដូចជាសន្និសីទ និងកម្មវិធីផ្គូផ្គងធុរកិច្ចរវាងធុរជន នៃប្រទេសទាំងពីរផងដែរ។ លោកស្រីបានបញ្ជាក់ថា នេះជាកាលានុវត្តភាពដ៏សំខាន់ក្នុងការផ្សព្វផ្សាយអំពីកម្ពុជាទៅកាន់មជ្ឈដ្ឋានធុរកិច្ចជប៉ុន ខណៈដែលមានវិនិយោគិនជប៉ុនច្រើនៗឡើងបានចាប់អារម្មណ៍អំពីប្រទេសកម្ពុជា ជាក់ស្តែងកាលពីឆ្នាំមុនមានក្រុមហ៊ុនតែ ៧ប៉ុណ្ណោះដែលមកចូលរួមសន្និសីទនេះ ប៉ុន្តែសម្រាប់ឆ្នាំ២០២៤មានក្រុមហ៊ុនដល់ទៅ ១៩ បានចូលរួម។

សូមបញ្ជាក់ថា ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរបានឯកភាពគ្នាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីបង្កើតនូវកាលានុវត្តភាពនៃការចាប់ដៃគូរវាងធុរជនជប៉ុន និង សមាជិកនៃសមាគមឧកញ៉ាកម្ពុជានាពេលអនាគត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង