ភ្នំពេញ៖ គិតត្រឹមទី២៨ ខែកញ្ញា ឆ្នាំ២០២០ រកឃេីញមានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ០១នាក់ ជាអ្នកដំណើរជនជាតិចិនម្នាក់ មានផ្ទុកវីរុសកូវីដ-១៩ ក្រោយពីបានលទ្ធផលនៃការពិនិត្យសំណាករួច នេះបើយោងតាមការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលកម្ពុជា នាពេលព្រឹកនេះ។
បុរសជាជនជាតិចិន អាយុ ២៨ឆ្នាំ បានធ្វើដំណើរមកពីប្រទេសភីលីហ្វីន ដោយបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ ដោយការពិនិត្យសំណាករបស់បុរសជនជាតិចិនម្នាក់នោះ ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។ ហើយបច្ចុប្បន្ន បុរសខាងលើ ត្រូវបានដាក់ឱ្យសម្រាកនៅមន្ទីពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។
សូមបញ្ជាក់ថា គិតត្រឹមម៉ោង ៧ ព្រឹក នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានអ្នកមានវីរុសកូវីដ-១៩ ទាំងអស់ចំនួន ២៧៧នាក់(ស្រ្តី ៥៤នាក់ និងបុរស ២២៣នាក់)ហើយព្យាបាលជាសះស្បើយចំនួន ២៧៥នាក់ ស្មើនឹង ៩៩.២៨ភាគរយនៃចំនួនមានជំងឺកូវីដ-១៩ទាំងអស់ ដែលនៅសល់អ្នកកំពុងព្យាបាល ០២នាក់ គឺម្នាក់ជាជនជាតិហុងគ្រី កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប និងម្នាក់ទៀតជាជនជាតិចិន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែ។

.jpg?1601344981)