ភ្នំពេញ៖ គម្រោងទិវាស៊ីក្លូ-Cyclo Day និង Romdoul Charity Foundation (RCF) នឹងរៀបចំកម្មវិធីរត់សប្បុរសធម៌មួយដែលមានឈ្មោះថា Sprint for Spin Fun Run ក្នុងគោលបំណងរៃអង្គាសថវិការដើម្បីជួយដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកធាក់ស៊ីក្លូនៅកម្ពុជា។
កម្មវិធីរត់សប្បុរសធម៌នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ នេះនឹងធ្វើឡើងនៅទីធ្លា The Elysee កោះពេជ្រ ពីម៉ោង៥:៤៥ព្រឹក ដល់ម៉ោង៨:៤៥ព្រឹកដោយរំពឹងថានឹងមានអ្នកចូលរួមរត់ប្រហែល៥០០នាក់។
បើតាមយុវជន មាស សុបញ្ញា ដែលជាអ្នកតំណាងគណៈកម្មការរៀបចំកម្មវិធីរត់សប្បុរសធម៌ Sprint for Spin Fun Run បានបញ្ជាក់ថា កម្មវិធីនេះបានផ្តួចផ្តើមរៀបចំឡើងដោយគម្រោងទិវាស៊ីក្លូនិង Romdoul Charity Foundation ដើម្បីរៃអង្គាសថវិការសម្រាប់ផ្តល់ជូនអ្នកធាក់ស៊ីក្លូតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធដោយសមាគមនឹងបង្កើតជាកម្មវិធីផ្តល់សាច់ប្រាក់និងបញ្រ្ជាបការយល់ដឹងពីការរស់នៅស្អាតនិងបរិស្ថានស្អាតដល់អ្នកប្រកបមុខរបរធាក់ស៊ីក្លូ។ មិនតែប៉ុណ្ណោះ យុវជនសុបញ្ញាក៏បានអំពាវនាវផងដែរដល់សាធារណៈជនគ្រប់រូប ពិសេសយុវជនឲ្យចុះឈ្មោះចូលរួមឲ្យបានច្រើនកុះករដើម្បីចូលរួមយ៉ាងសកម្មក្នុងកិច្ចការងារជួយសង្គមជាតិ។
គួរបញ្ជាក់ផងដែរថាសប្បុរសជនដែលចូលរួមមិនត្រឹមតែអាចជួយដល់សហគមន៍អ្នកធាក់ស៊ីក្លូនិងទទួលបានសុខភាពល្អប៉ុណ្ណោះទេ ថែមទាំងទទួលបានលិខិតថ្លែងអំណរគុណនិងមេដាយអនុស្សាវរីយ៍រួមទាំងមានឱកាសឈ្នះនូវរង្វាន់ផ្សេងៗទៀតផងពីដៃគូឧបត្ថម្ភនៃកម្មវិធី។
សាធារណៈជនអាចចុះឈ្មោះចូលរួមរត់កម្សាន្តនៅក្នុងកម្មវិធីសប្បុរសធម៌នេះ តាមរយៈតំណរភ្ជាប់នេះ https://forms.gle/M5mhDZe9XL223AA96 ឬក៏តាមរយៈការស្កេន QR code ក្នុងខិត្តប័ណ្ណដែលភ្ជាប់ជាមួយអត្ថបទនេះ៕