ព្រះសីហនុ៖ គម្រោងវិនិយោគចំនួន២៤ ដែលមានទំហំវិនិយោគ ១២៩ លានដុល្លារអាម៉េរិក រួមមាន គម្រោងពាក់ព័ន្ធនឹងអគារកំពុងជាប់គាំង, គម្រោងដែលចាប់ផ្តើមអនុវត្តក្នុងឆ្នាំ ២០២៤, ការពង្រីកគម្រោង, និង គម្រោងដែលមានស្រាប់ ទទួលបានការលើកទឹកចិត្តក្នុងក្របខ័ណ្ឌនៃកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤។
ក្នុងក្របខ័ណ្ឌកម្មវិធីពិសេសនេះ, ចាប់ពីខែ កុម្ភៈ ដល់ខែមិថុនា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៦១ ដែលមានទំហំវិនិយោគសរុបប្រមាណ ៣,៧ ប៊ីលានដុល្លារអាមេរិក រួចមកហើយ ។ ចំនួននេះមានការកើនឡើងជាបន្តបន្ទាប់ គឺកើនឡើង ៦៧១% បើគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ មិថុនា ឆ្នាំ ២០២៤ ។
ជារួម សរុបគម្រោងពីខែ កុម្ភៈ ដល់ខែ កក្កដា ឆ្នាំ ២០២៤, ក្រុមការងារបានសម្រេចជាគោលការណ៍ផ្តល់អត្ថប្រយោជន៍ពិសេស ជូនគម្រោងចំនួន ៨៥ ។ ជាមួយគ្នានេះ, ដើម្បីធានាការអនុវត្តដោយរលូន និង ដោះស្រាយបញ្ហាប្រឈមផ្សេងទៀតជាយថាហេតុ, ក្រុមការងារបានតាមដានការអនុវត្តគោលការណ៍លើកទឹកចិត្ត ដែលបានផ្តល់ជូនរួច និង រាយការណ៍ជូនអង្គប្រជុំជាប្រចាំ។
គួរបញ្ជាក់ថា កាលថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៤ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤ ដោយដាក់ចេញនូវវិធានការនានា រួមទំាំងការផ្តល់អត្ថប្រយោជន៍ ពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោងក្នុងឆ្នាំ ២០២៤ ក្នុងខេត្តព្រះសីហនុ ។ រាជរដ្ឋាភិបាលបានបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្រោមឆ័ត្រគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តយន្តការត្រួតពិនិត្យ និង សម្រេចរួមគ្នាជាកញ្ចប់ តាមសមត្ថកិច្ចរបស់ក្រសួងស្ថាប័ននីមួយៗប្រកបដោយតម្លាភាព និង ប្រសិទ្ធភាពខ្ពស់ ព្រមទាំងចំណាយពេលវេលាតិច ។
ទន្ទឹមនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» អញ្ជើញដាក់ពាក្យ ឬ ស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុដោយឥតគិតថ្លៃ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានលេខទំនាក់ទំនង៖ +៨៥៥១២ ៩០២២០០, +៨៥៥ ៨៩ ៧២៦០២៨ និង +៨៥៥ ១៦ ៣២១០១០ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលមានលេខ ទំនាក់ទំនង ៖ +៨៥៥ ៩៣ ៨៥៨ ៥៤៣ ៕