កោះកុង ៖ អ្នកនាំពាក្យក្រសួងសាធារណការ និង ដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងនៅថ្ងៃទី១ ខែសីហានេះ ថា ដោយសារបញ្ហាភ្លៀងធ្លាក់ជាប់ៗគ្នាជារៀងរាល់ថ្ងៃ បានធ្វើឱ្យដំណើរការការដ្ឋាន និងស្ថានភាពខ្លះលើកំណាត់ផ្លូវជាតិលេខ៤៨ «ស្រែអំបិល-កោះកុង»បានជួបប្រទះបញ្ហា និងបង្កការលំបាកដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសនៅចំណោតតាប៉ន និងចំណោតតាតៃ។
លោក ផន រឹម បានបញ្ជាក់ថា ពាក់ព័ន្ធករណីនេះ លោកអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨«ស្រែអំបិល-កោះកុង» ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។
អ្នកនាំពាក្យរូបនេះ បានបន្ថែមថា ម្យ៉ាងវិញទៀត រថយន្តឈ្នួល(TAXI) និងអ្នកធ្វើដំណើរផ្សេងទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ ខណៈក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថាហេតុ។
គួរបញ្ជាក់ថា បច្ចុប្បន្ននេះផ្លូវជាតិលេខ៤៨ កំពុងស្តារ និងលើកកម្រិតគុណភាព ដោយសម្រេចបានលទ្ធផលជារួម ៦៣,៣១%ហើយ គិតត្រឹមចុងខែកក្កដា ឆ្នាំ២០២៤៕