Cctimesw1140xh150cm copy

អាជ្ញាធរអប្សរា៖ការដកហូត«ដើមឈើយាង»មួយនៅរមណីយដ្ឋានអង្គរ ព្រោះប្រឈមការដួលរលំ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

សៀមរាប៖ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី៣១កក្កដានេះ បានឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួនដែលចោទសួរថា ហេតុអ្វីត្រូវដកហូតដើមឈើយាងមួយដើមនេះ។ អាជ្ញាធរជាតិអប្សរាបានពន្យល់ថា មូលហេតុចម្បងនោះ គឺដើមឈើយាងមួយដើមនេះមានពុកគល់ និងប្រហោងក្នុង ដែលអាចដួលរលំជាយថាហេតុ។ សកម្មភាពកាត់ក្រី និងដកហូតដើមឈើមានហានិភ័យនៅរមណីយដ្ឋានអង្គរនេះ ធ្វើឡើងក្រោយហេតុការណ៍ដួលរលំដើមឈើពេលមេឃកំពុងភ្លៀងនៅចំណុចខ្លោងទ្វារទន្លេអុំ បណ្តាលឲ្យបាក់សង្កត់លើភ្ញៀវទេសចរស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល០៣នាក់។

អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា រហូតដល់ពេលនេះ អាជ្ញាធរជាតិអប្សរាដកហូតតែមួយដើមនេះប៉ុណ្ណោះ។ ការដកហូតនៅពេលនេះ គឺធ្វើតាមការវាយតម្លៃជាក់ស្តែងស្របតាមបច្ចេកទេស។ ដើមឈើនេះអាចដួលមកពេលណាមួយជាយថាហេតុនៅពេលភ្លៀង និងខ្យល់ខ្លាំង។ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបន្តចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើមួយចំនួនដែលមានហានិភ័យនៅរមណីយដ្ឋានអង្គរ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ ចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

គួរបញ្ជាក់ថា ហេតុការណ៍ដួលរលំដើមឈើដ៏រន្ធត់មួយបានកើតឡើង នៅចំណុចខ្លោងទ្វារទន្លេអុំ ស្ថិតនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប នៅម៉ោង១៧៖៥០នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ មានករណីឧបទ្ទវហេតុគ្រោះធម្មជាតិរលំដើមឈើមួយដើមនៅទន្លេអុំ បានដួលរលំសង្កត់រូបចម្លាក់ទាញព្រ័ត្រ និងសង្កត់លើរ៉ឺម៉កម៉ូតូបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាជនខ្មែរចំនួន០៤នាក់ ក្នុងនោះបណ្តាលឱ្យស្លាប់បុរសម្នាក់ និងរបួសចំនួន០៣នាក់(ស្រាល០២ ធ្ងន់០១នាក់)៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង