ភ្នំពេញ៖ ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ច រយៈពេល០២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។ ការមកបំពេញទស្សនកិច្ចរបស់ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុងនៅកម្ពុជានាពេលនេះ គឺត្រូវបានធ្វើឡើងក្នុងគោលបំណងសំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។
លោក ហឿន សំនៀង អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាង លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយ លោក Wang WenBin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា នាព្រឹកទី៣០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញទទួលបដិសណ្ឋារកិច្ចស្វាគមន៍ ឯកឧត្តម John Lee ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង និងគណៈប្រតិភូ ក្នុងការដំណើរអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី៣០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤។
បើតាមសារព័ត៌មានរបស់ហុងកុងឈ្មោះ RTHK NEWS បានលើកឡើងថា លោក Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី៣០កក្កដានេះ បានជួបជាមួយនាយកប្រតិបត្តិ លោក John Lee ដែលបានមកដល់រាជធានីភ្នំពេញ ជាផ្នែកនៃដំណើរទស្សនកិច្ចរយៈពេលប្រាំមួយថ្ងៃទៅកាន់ប្រទេសចំនួនបី ដែលរួមមានឡាវ និងវៀតណាមផងដែរ។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំនេះ លោក Wang បានកត់សម្គាល់ថា លោកបានបញ្ជូនគណៈប្រតិភូមួយក្រុមទៀត ដែលដឹកនាំដោយអតីតនាយកប្រតិបត្តិ និងជាអនុប្រធាននៃស្ថាប័នប្រឹក្សានយោបាយកំពូលរបស់ប្រទេស គឺលោក CY Leung ។
លោក Wang បាននិយាយថា “លោក Lee និង Leung មកទស្សនាក្នុងពេលតែមួយ នេះបង្ហាញថាហុងកុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការមិត្តភាពជាមួយកម្ពុជា និងការលើកកម្ពស់ទំនាក់ទំនងចិន-កម្ពុជា។ ដំណើរទស្សនកិច្ចរបស់នាយកប្រតិបត្តិនេះ ពិតជានឹងជំរុញកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមករវាងកម្ពុជា និងហុងកុង និងដើរតួនាទីក្នុងការជំរុញទំនាក់ទំនងចិន-កម្ពុជាបន្ថែមទៀត៕
ក្នុងដំណើរទស្សនកិច្ចរយៈពេល ០២ថ្ងៃនេះ ប្រធានប្រតិបត្តិតំបន់រដ្ឋបាលពិសេសហុងកុង នឹងដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរ និងពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏នឹងទទួលជួបជាមួយគណ:ប្រតិភូ សំដៅដល់ការទាក់ទាញ និងពង្រីកឱកាសវិនិយោគនៅកម្ពុជា។ នេះបើតាមសចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕