ភ្នំពេញ៖ សរុបរយៈពេល ៦ខែ ឆ្នាំ២០២៤ ចំណូលពន្ធអាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្តែងតាមប្រព័ន្ធគ្រប់គ្រង ទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ៧ ៧៦៧,៧៣ ប៊ីលានរៀល (ប្រមាណជា ១ ៩១៧,៩៦ លានដុល្លារ) ស្មើនឹង ៤៦,០៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០២៤។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។
របាយការណ៍បានបញ្ជាក់ថា ចំពោះលទ្ធផលប្រមូលចំណូលពន្ធក្នុងខែមិថុនា ឆ្នាំ២០២៤ ចំណូលពន្ធអាករគ្រប់ប្រភេទ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែង តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញរបស់អគ្គនាយកដ្ឋានពន្ធដារ មានចំនួន ១ ០០៥,៧៤ ប៊ីលានរៀល (ប្រមាណជា ២៤៨,៣៣ លានដុល្លារ) ស្មើនឹង ៥,៩៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤៕