តាកែវ៖ កាលពីពេលថ្មីៗនេះ មន្រ្តីឧទ្យានុរក្ស បានចុះល្បាតក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ។ ជាលទ្ធផលនៃការចុះល្បាត ពុំមានបទល្មើសណាមួយកើតឡើងនោះទេ ប៉ុន្ដែមន្រ្តីឧទ្យានុរក្សបានប្រទះឃើញសត្វត្រយ៉ងខ្លួនស ឬ សត្វក្ងខ្លួនស (Black-headed Ibis) ជាសត្វស្លាបមួយប្រភេទស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះជាសាកល។
មន្រ្តីឧទ្យានុរក្សចុះល្បាតក្នុងតំបន់ការពារទេសភាពបឹងព្រែកល្ពៅ ដែលជាលទ្ធផល ពុំមានបទល្មើសណាមួយកើតឡើងនោះទេ។ ជាមួយគ្នានោះ អគ្គារស្ទង់ទឹកកំពុងរៀបចំចាក់ធ្នឹមមេដំដូល ខណៈទឹកក្នុងតំបន់កំពុងបន្តឡើង។ ជាពិសេសនោះ មន្រ្តីឧទ្យានុរក្ស ក៏បានប្រទះឃើញសត្វត្រយ៉ងខ្លួនស ឬ សត្វក្ងខ្លួនស (Black-headed Ibis) ជាសត្វស្លាបមួយប្រភេទមាន ចំពុះកោងវែង ក ក្បាល ជើងមានពណ៌ខ្មៅ និងមានមាឌធំ ខ្លួនពណ៌ស។ សម្រាប់តំបន់ការពារទេសភាពបឹងព្រែក ពួកវាតែងតែបង្ហាញវត្តមាននារដូវទឹកចាប់ផ្តើមឡើង និងរដូវទឹកសម្រក។
ត្រយ៉ងខ្លួនស ស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតរងគ្រោះជាសាកល ហើយបច្ចុប្បន្នមានរស់នៅព្រែកទាល់ដែលជាតំបន់ស្នូល និងជាតំបន់លិចទឹកនៃឋបនីយជីវមណ្ឌលបឹងទន្លេសាប។ នៅក្នុងឆ្នាំ២០១៤ គេបានរកឃើញសត្វត្រយ៉ងខ្លួនសពេញវ័យចំនួន៤៥៧ក្បាលកំពុងរស់នៅតំបន់ព្រែកទាល់នេះ។
សូមជម្រាបថា តំបន់ការពារទេសភាពបឹងព្រែកល្ពៅ មានទីតាំងស្ថិតក្នុងភូមិសាស្ត្រស្រុកកោះអណ្ដែត និងស្រុកបូរីជលសារ ខេត្តតាកែវ៕