ភ្នំពេញ៖ ក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ (Royal Railway) បានប្រកាសអំពីការមកដល់នៃទូដឹកទំនិញថ្មីចំនួន ២៥ គ្រឿងបន្ថែមពីប្រទេសម៉ាឡេស៊ី ដើម្បីបង្កើនសមត្ថភាពសេវាកម្មដឹកទំនិញអោយកាន់តែល្អជាងមុន។
យោងតាមក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ (Royal Railway) បានឲ្យដឹងថា ទូរថភ្លើងទាំងនេះ បានមកដល់ដោយជោគជ័យ នៅថ្ងៃអាទិត្យទី ២៨ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការផ្តល់នូវសេវាកម្មដឹកជញ្ជូនទំនិញតាមរយៈផ្លូវដែក ប្រកបដោយប្រសិទ្ធភាព និងគួរឱ្យទុកចិត្តនៅទូទាំងប្រទេសកម្ពុជា។ ការបញ្ជាទិញនេះ ជាផ្នែកមួយនៃផែនការវិនិយោគរបស់ អ្នកឧកញ៉ា គិត ម៉េង ក្នុងការបង្កើនទូរថភ្លើងដឹកទំនិញចំនួន ២០០ គ្រឿងថ្មី ដែលបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវដែករបស់កម្ពុជា។
គួរបញ្ជាក់ថា កាលពីខែមេសា ឆ្នាំ២០២៤កន្លងទៅ ក្រុមហ៊ុន Royal Railway ក៏ទើបតែបានទិញនូវទូរថភ្លើងដឹកអ្នកដំណើរល្បឿនលឿនរបស់ជប៉ុន ចំនួនទាំង ១១គ្រឿង ដែលមានឈ្មោះ Kiha 183 Heavy Snow ជាមួយនឹងល្បឿនអតិបរមា១១០គីឡូម៉ែត្រក្នុងមួយម៉ោង និងបានចាប់ផ្តើមដាក់ឱ្យដំណើរការកាលខែមិថុនាកន្លងទៅថ្មីៗនេះ៕