សៀមរាប៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវបំណងធ្វើឱ្យមានការហោះហើរត្រង់ពីប្រទេសហ្វីលីពីនមកកាន់ខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខនេះ ដោយនឹងធ្វើការពិភាក្សាផ្ទាល់ជាមួយអាកាសចរ CEBU PACIFIC AIRLINE ដើម្បីសិក្សាអំពីការហោះហើរត្រង់មកកាន់ខេត្តសៀមរាប។ គោលបំណងនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចពិភាក្សាការងារជាមួយលោក ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤។
លោកស្រី Flerida Ann Camille p. Mayo ឯកអគ្គរដ្ឋទូតសាធារណរដ្ឋហ្វីលីពីនប្រចាំកម្ពុជា បានលើកឡើងពីគោលបំណងតភ្ជាប់ជើងហោះហើរត្រង់ពីខេត្តសេប៊ូ (CEBU) មកកាន់ខេត្តសៀមរាប ហើយលោកស្រីបានជួបជាមួយប្រជាពលរដ្ឋហ្វីលីពីន ដែលកំពុងរស់នៅក្នុងខេត្តសៀមរាប ភាគច្រើនពួកគាត់ប្រកបមុខរបរជាគ្រូបង្រៀនភាសាអង់គ្លេស និងជាបុព្វជិកសាសនាកាតូលិក និងខ្លះទៀតជាអ្នកស្ម័គ្រចិត្តក្នុងកិច្ចការសង្គម ពួកគាត់បានបង្ហាញអារម្មណ៍កក់ក្តៅក្នុងការទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីរដ្ឋបាលខេត្ត ចំពោះសុខទុក្ខ និងសុខសុវត្ថិភាពរបស់ពួកគាត់។
ន្ថែមពីលើនេះ អភិបាលខេត្តសៀមរាប បានស្នើសុំទៅភាគីហ្វីលីពីនឱ្យមានការភ្ជាប់ទំនាក់ទំនងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប ជាមួយខេត្តសេប៊ូ (CEBU) របស់ប្រទេសហ្វីលីពីន ដែលជាខេត្តមានសក្តានុពលនាំមុខផ្នែកទេសចរណ៍របស់ហ្វីលីពីន រួមជាមួយនឹងការរីកចម្រើនក្នុងវិស័យម្ហូបអាហារ ភេសជ្ជៈ និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀតដែលអាចមកវិនិយោគនៅខេត្តសៀមរាបផ្ទាល់។
អភិបាលខេត្តរូបនេះបញ្ជាក់ថា លោកនឹងបន្តចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជំរុញក្នុងវិស័យទេសចរណ៍ វិនិយោគ និងការចងសម្ព័ន្ធមេត្រីភាពរវាងខេត្តសៀមរាប និងខេត្តសេប៊ូ ដើម្បីឱ្យចេញជាលទ្ធផលផ្លែផ្កាសម្រាប់ជាប្រយោជន៍របស់ប្រជាជនខេត្តសៀមរាប និងប្រជាជនហ្វីលីពីន។
គួរបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ២០២៤ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ទទួលបានជើងហោះហើរ (ទ្វេទិស/Arrival+Depature) ជាមធ្យម ៣៦ជើង/ថ្ងៃ និងមានអ្នកដំណើរជាមធ្យម (ទ្វេទិស) ប្រមាណ២,៧០០នាក់/ថ្ងៃ ស្មើនឹងប្រមាណ ៧៥នាក់/ជើង។ ម៉ោងរវល់ប្រចាំថ្ងៃ ( daily peak hour) នាពេលព្រឹក គឺនៅចន្លោះម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រីឯពេលល្ងាចនៅចន្លោះម៉ោង ១៨:០០ ដល់ម៉ោង ១៩:០០ នាទី។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល៕