បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨កក្កដាបានជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ត្រូវបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដោយសារតែសន្ទុះទឹកស្ទឹងសង្កែកំពុងហក់ឡើងខ្លាំង។
យោងតាមសេចក្តីជូនដំណឹងរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រយៈពេល ៣ថ្ងៃចុងក្រោយនេះ នៅក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់ជាប់ៗគ្នា ដែលបង្កឱ្យទឹកនៅតាមដងអូរនានាត្រូវហូរចាក់ចូលទៅក្នុងស្ទឹងសង្កែ នឹងធ្វើឱ្យទឹកចាប់ផ្ដើមជន់នៅក្នុងអាងពហុបំណងសេកសក។ ដូច្នេះមន្ទីរធនធានទឹក និងឧតុនិយម សម្រេចបើកទ្វារទឹកដើម្បីបន្ធូរទឹកចេញពីអាង ដើម្បីជៀសវាងបញ្ហាផ្សេងៗដែលអាចកើតមានឡើង នៅទំនប់ពហុបំណងសេកសក ដែលមានទីតាំងស្ថិតនៅក្នុងស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ដោយឡែកសម្រាប់ទ្វារទឹកទំនប់កង្ហត ស្ថិតក្នុងស្រុកបាណន់ ក៏ត្រូវតែបើកចំហដូចគ្នា ដើម្បីឱ្យកម្លាំងទឹកដែលកំពុងជន់ហូរធ្លាក់មកតាមបណ្ដោយស្ទឹងសង្កែ ដូច្នេះប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងដែលស្ថិតក្នុងស្រុកបាណន់ ស្រុកសង្កែ ក្រុងបាត់ដំបង និងស្រុកឯកភ្នំ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ដើម្បីជៀសវាងបញ្ហាណាមួយដែលកើតមានឡើងជាយថាហេតុ ៕