Cctimesw1140xh150cm copy

រោងចក្រកូរ៉េអាចមានសមត្ថភាពដំឡើងម៉ូតូ កង់អគ្គិសនីចន្លោះពី១០០-២០០គ្រឿងក្នុងមួយថ្ងៃ នៅចុងឆ្នាំ២០២៤

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសូងការងារ និងបណ្ដុះបណ្ដាលវិជ្ចាជីវៈ)

ភ្នំពេញ៖ រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD) ស្ថិតក្រោមការវិនិយោគរបស់ក្រុមហ៊ុនកូរ៉េនៅក្នុងប្រទេសកម្ពុជា លើការដំឡើងម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនីស្តង់ដាកូរ៉េ អាចមានសមត្ថភាពផ្គុំម៉ូតូ កង់ និងរ៉ឺម៉កអគ្គិសនី បានចំនួន១០០ទៅ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Lee Cheol-Woo អភិបាលខេត្តក្យង់សាំងប៊ូកដូនៃសាធារណរដ្ឋកូរ៉េ នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចុះពិនិត្យមើលសង្វាក់ផលិតកម្មរោងចក្រផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងឧបករណ៍បញ្ចូល ឬសាកថ្មដែលជាការវិនិយោគរបស់វិនិយោគិនកូរ៉េខាងត្បូងដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ក្នុងនោះថ្នាក់ដឹកនាំទាំងពីរ បានស្តាប់បទបង្ហាញរបស់អ្នកជំនាញលើដំណើរការផលិត និងការផ្គុំដំឡើង ម៉ូតូ កង់ រ៉ឺម៉កដែលដើរដោយថាមពលអគ្គិសនី និងការដើរពិនិត្យមើលជាក់ស្តែងនូវសង្វាក់ផលិតកម្មជាកញ្ចប់របស់រោងចក្រ។

ជាមួយគ្នានេះ លោក ហេង សួរ បានវាយតម្លៃខ្ពស់ទៅលើអ្នកវិនិយោគកូរ៉េដែលបានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាដែលបាននិងកំពុងបង្កើតឱ្យមានឱកាសការងារដល់យុវជន និងពលរដ្ឋកម្ពុជាឱ្យបានធ្វើការក្នុងរោងចក្រដែលមានលក្ខណៈស្តង់ដារបស់កូរ៉េមួយនេះ។

គួរបញ្ជាក់ថា រោងចក្រវីដាប់ប៊ែលយូ&ស៊ី ឯ.ក (VW&C CO., LTD)ត្រូវបានដាក់ឱ្យដំណើរការដំឡើងនៅឆ្នាំ២០២៣ ហើយអាចមានសមត្ថភាពផ្គុំបានចំនួន១០០ទៅ២០០គ្រឿងក្នុងមួយថ្ងៃនៅចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥។ នៅក្នុងតំបន់អាស៊ាន ក្រុមហ៊ុននេះ បានសម្រេចចិត្តបោះទុនវិនិយោគនៅកម្ពុជាមុនគេ ក្នុងខណៈដែលបានសិក្សាគម្រោងវិនិយោគនៅបណ្តាប្រទេសផ្សេងទៀតដូចជាថៃ និងម៉ាឡេស៊ីជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង