ព្រៃវែង៖ ក្រុមការងារកងវិស្វកម្មសម្តេចតេជោ នៅថ្ងៃទី ២៥ កក្កដានេះ បាននាំយកសម្ភារ បរិក្ខារសិក្សា មួយចំនួនធំដែលជាអំណោយរបស់សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគល់ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។ អំណោយទាំងអស់នេះ គឺជាអំណោយបន្ថែមលើអគារសិក្សា១ខ្នងកម្ពស់៤ជាន់ ចំនួន៣២បន្ទប់ ដែលសម្តេចនាយករដ្ឋមន្ត្រីផ្តល់ជូនតាមសំណើរបស់យុវតី សាយ ស៊ីណា។
បរិក្ខារប្រគល់ជូនដល់សិស្សានុសិស្សវិទ្យាល័យព្រៃព្នៅនៅថ្ងៃនេះ មានជាអាទិ៍៖ កុំព្យូរទ័រលើតុ ចំនួន១០គ្រឿង ម៉ាស៊ីនព្រីនចំនួន១០ គ្រឿន ម៉ាស៊ីនថតចម្លង៥គ្រឿង ប្រព័ន្ធសូឡា សម្រាប់បំភ្លឺក្នុងទីធ្លាសាលាកម្លាំង៥០០វ៉ាត់ចំនួន១០០បន្ទះ ស្លាយបទបង្ហាញមេរៀនចំនួន៥ ឧបករណ៍សំឡេងសម្រាប់បម្រើដល់កម្មវិធីចំនួន១ឈុត។ ពិធីប្រគល់ និងទទួល រៀបចំឡើងដោយ លោក ស្រ៊ី លាភ តំណាងក្រុមការងារកងវិស្វកម្មសម្តេចតេជោ ជាមួយថ្នាក់ដឹកនាំវិទ្យាល័យព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។
យុវតី សាយ ស៊ីណា និង តំណាងសិស្សានុសិស្សនៃវិទ្យាល័យព្រៃព្នៅ សម្តែងការភ្ញាក់ផ្អើលចំពោះការយកចិត្តទុកដាក់ពីសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវ ហើយបានប្តេជាចិត្តថា នឹងខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ដើម្បីតបស្នងសងគុណថ្នាក់ដឹកនាំដែលបានយកចិត្តទុកដាក់ដល់ពួកគេជាយុវជន។
គួរបញ្ជាក់ថា តាមការស្នើសុំរបស់យុវតី សាយ ស៊ីណា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចាត់ឱ្យនាយឧត្តមសេនីយ៍ ខេង សុមេធ ចុះទៅសាងសង់អគារសិក្សា១ខ្នង កម្ពស់៤ជាន់ ៣២បន្ទប់ ឱ្យបានឆាប់បំផុត និង ពិនិត្យសាងសង់បន្ថែមបើនៅខ្វះខាត។ អំណោយនេះ ធ្វើឡើងក្រោយពីយុវតី សាយ ស៊ីណា ច្រៀងចម្រៀង «ស្ពានសាងស្នេហ៍» កម្មវិធីប្រឡងចម្រៀងមួយ នៅក្នុងវិទ្យាល័យព្រៃព្នៅ ក្នុងស្រុកពារាំង ខេត្តព្រៃវែង ទទួលបានការចាប់អារម្មណ៍ពីសាធារណជន និង សម្តេច ហ៊ុន សែន ដែលជាអ្នកនិពន្ធ៕