ភ្នំពេញ៖ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤(ឆមាសទី១ឆ្នាំ២០២៤) កម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត១៣លាននាក់ ក្នុងនោះ ទេសចរអន្តរជាតិ ៣,១៦ លាននាក់ និង ទេសចរជាតិ ៩,៦៩ លាននាក់។ ក្នុងនោះកម្ពុជាទទួលបានទេសចរជនជាតិថៃច្រើនជាងគេ បន្ទាប់មកមានវៀតណាម ចិន ឡាវ។ នេះបើតាមរបាយការណ៍ដែលផ្តល់មកកាន់ស៊ីស៊ីថាមស៍ដោយ លោក តុប សុភ័ក្រ អ្នកនាំពាក្យក្រសួងទេសចរណ៍។
បើតាមរបាយការណ៍ ចំនួនទេសចរអន្តរជាតិក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ មានការកើនឡើង ២២,៧% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ស្មើនឹង ៩៤,៩% នៃឆ្នាំ២០១៩ ហើយទេសចរជាតិកើនឡើង ៦,៤%។ ទន្ទឹមនឹងនេះ ទេសចរជាតិចេញក្រៅប្រទេសមានប្រមាណ ៩០ ម៉ឺននាក់ កើនឡើង ៥,០%។
ទីផ្សារទេសចរណ៍សំខាន់ទាំង១០របស់កម្ពុជាក្នុងរយៈពេល៦ខែនេះមានដូចជា៖ ថៃ ៩៥៥,២៥០ នាក់, វៀតណាម ៦៣៩,៥៤៩ នាក់, ចិន ៣៨៩,៣៦០ នាក់, ឡាវ ១៨៨,៧២៦ នាក់, សហរដ្ឋអាម៉េរិក ១១២,០៤៣ នាក់, កូរ៉េខាងត្បូង ១០១,៤៣៥ នាក់, ឥណ្ឌូណេស៊ី ៨១,៤៩០ នាក់, បារាំង ៦៥,៩៧៩ នាក់, អង់គ្លេស ៦១,៧៨៣ នាក់, និងជប៉ុន ៥៤,៨៤៩ នាក់។
របាយការណ៍បញ្ជាក់ថា ទេសចរអន្តរជាតិដែលមកកម្ពុជាតាមផ្លូវអាកាសក្នុងរយៈពេល៦ខែនេះ មានសរុបប្រមាណ ១,១៥ លាននាក់ ផ្លូវទឹកជាង៤៤ម៉ឺននាក់ និងផ្លូវគោកប្រមាណ ១,៩៦ លាននាក់។ ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទទួលបានទេសចរអន្តរជាតិចំនួន ៨៣១,៥៣១ នាក់, អាកាសយានដ្ឋានសៀមរាបអង្គរ ៣១៣,១៤៥ នាក់, អាកាសយានដ្ឋានអន្តរក្រុងខេត្តព្រះសីហនុ ៧,២១៤ នាក់៕