ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ៨ ៦៧៩ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៧,៥ លានដុល្លារអាម៉េរិក ក្នុងនោះ កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង ចំនួន ១ និង កិច្ចព្រមព្រៀងឥណទានសម្បទាន ចំនួន ១។ ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងរវាង លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោក Sanui Kazumasa ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០២៤។
កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការទាំង២នោះមានដូចជា៖ (១) កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងសម្រាប់គម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស (Human Resource Development Scholarship Project - JDS) មានទឹកប្រាក់ចំនួន ៣៨៦ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ២,៥ លានដុល្លារអាម៉េរិក។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្សដោយផ្តល់ឱកាសបន្ថែមទៀតដល់មន្ត្រីរាជការ ជាពិសេសដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី រវាង ប្រទេសទាំងពីរតាមរយៈការទំនាក់ទំនង សកម្មភាពសិក្សា និងសង្គម និងបទពិសោធន៍នៅប្រទេសជប៉ុន។
(២) កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងធ្វើឱ្យប្រសើរឡើងកំណាត់ផ្លូវជាតិលេខ៥(ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត) (ឥណទានដំណាក់កាលទី៣) [The National Road No.5 Improvement Project (Thlea Ma`am-Battambang and Sri Sophorn-Poipet Sections) (III)] មានទឹកប្រាក់ចំនួន ៨ ២៩៣ លានយ៉េនជប៉ុន ត្រូវជាប្រមាណ ៥៥ លានដុល្លារអាម៉េរិក។ ឥណទានដំណាក់កាលទី ៣ នេះគឺជាឥណទានសម្រាប់បំពេញបន្ថែមឱ្យការងារសាងសង់ និងការងារជាបន្តបន្ទាប់របស់គម្រោង ដើម្បីឈានទៅបញ្ចប់នូវកំណាត់ផ្លូវដែលកំពុងសាងសង់ ពីក្រុងសិរីសោភ័ណ ទៅក្រុងប៉ោយប៉ែត។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍សំខាន់មួយក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុនតាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន JICA បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងភាពជាដៃគូយុទ្ធសាស្ត្ររយះពេលវែង សម្រាប់ការគាំទ្រដល់ការពង្រឹងបន្ថែមទៀតនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា៕