សមាគមឧកញ៉ាកម្ពុជា និង សារព័ត៌មាន ស៊ីស៊ីថាមស៍ The Cambodia China Times នៅថ្ងៃទី ២៣ ខែកក្កដា បានចុះអនុស្សរណៈ យោគយល់លើការសហការផ្សព្វផ្សាយព័ត៌មាន។ ការចុះអនុស្សរណៈយោគយល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ជាមួយលោក គួន សំបូរ និពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ ភាសាខ្មែរ ។
ការចុះអនុស្សរណៈយោគយល់ ពេលនេះ ធ្វើឡើងក្នុងគោលបំណង ផ្សព្វផ្សាយព័ត៌មានពីសមាគមឧកញ៉ាកម្ពុជាដើម្បីរួមចំណែកលើកកម្ពស់ឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម និង សេដ្ឋកិច្ចកម្ពុជា។
អ្នកឧកញ៉ា ហ៊ុន ឡាក់ បានថ្លែងចាត់ទុកស្ថាប័នព័ត៌មាន ស៊ីស៊ីថាមស៍ គឺជាព័ត៌មានមានវិជ្ជាជីវៈត្រឹមត្រូវ មានសក្តានុពលនៃការផ្សព្វផ្សាយទាំងភាសាខ្មែរ និង ភាសាចិន ដែលជាតម្រូវការរបស់សមាគមឧកញ៉ាកម្ពុជា ជំរុញការផ្សព្វផ្សាយនានា ក្នុងគោលដៅជំរុញការអភិវឌ្ឍន៍ប្រទេសកម្ពុជា តាមគោលបំណងរបស់ សមាគមឧកញ៉ាកម្ពុជា។
លោក គួន សំបូរ និពន្ធនាយកសារព័ត៌មាន ស៊ីស៊ីថាមស៍ បានថ្លែងអរគុណដល់សមាគមឧកញ៉ាកម្ពុជា ដែលមានជំនឿទុកចិត្តលើស្ថាប័នព័ត៌មាន ស៊ីស៊ីថាមស៍ ។លោកចាត់ទុក MOUនៅថ្ងៃនេះ នឹងជួយឱ្យការផ្សព្វផ្សាយរបស់ព័ត៌មាន ស៊ីស៊ីថាមស៍ កាន់តែមានភាពសំបូរបែប និង ស៊ីជម្រៅ ចូលរួមលើកកម្ពស់ ឧត្តមភាពដ៏ឧត្តុង្គឧត្តម នៃគោរមងារឧកញ៉ាក្នុងការចូលរួមអភិវឌ្ឍសង្គម។