Cctimesw1140xh150cm copy

ក្រុមហ៊ុននាំចេញ-នាំចូលវាយនភណ្ឌចិនជាង៤០ក្រុមហ៊ុនចាប់អារម្មណ៍វិនិយោគនៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ លោក ជា វុទ្ធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុនចិនចំនួន ៤០ ដឹកនាំដោយលោក ជាង ស៊ីអាន អនុប្រធានសភាពាណិជ្ជកម្មចិនសម្រាប់ការនាំចូលនិងនាំចេញវាយនភណ្ឌ (China Chamber of Commerce for Import & Export of Textiles-CCCT)។ ក្រុមហ៊ុនទាំងនោះមានកម្មវត្ថុអាជីវកម្មក្នុងវិស័យឧស្សាហកម្មវាយនភ័ណ្ឌ ដូចជា ការផលិតសម្លៀកបំពាក់ អាវរងា ស្បែកជើង ក្រណាត់និងជ្រលក់ពណ៌ សម្ភារៈសម្រាប់ផលិតសម្លៀកបំពាក់ ទ្រនាប់កអាវនិងមួក ការផលិតសូត្រ...។ល។

នាឱកាសនេះ លោក ជា វុទ្ធី បានលើកឡើងថា នេះជាលើកទី២ ក្នុងរយៈពេលបីខែដែលលោកបានទទួលជួបគណៈប្រតិភូវិនិយោគដឹកនាំដោយ CCCT ដែលនេះបង្ហាញពីឆន្ទះដ៏មោះមុតក្នុងការស្វែងរកការបណ្តាក់ទុនវិនិយោគនៅកម្ពុជាយ៉ាងពិតប្រាកដ។ លោកបានលើកឡើងពីរំហូរវិនិយោគចិនមកកម្ពុជា និងទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលមានកំណើនខ្ពស់ជារៀងរាល់ឆ្នាំក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ហើយក្នុងរយៈពេល៦ខែដើមឆ្នាំ២០២៤ ការវិនិយោគចិនជាប់ចំណាត់ថ្នាក់លេខ១ បើប្រៀបធៀបនឹងការវិនិយោគបរទេសផ្សេងទៀត ដែលការណ៍នេះគឺដោយសារកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងភាពអំណោយផលនៃច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគរបស់កម្ពុជា។

លោក ជាង ស៊ីអាន ប្រធានគណៈប្រតិភូ បានបង្ហាញនូវការកត់សម្គាល់អំពីភាពរីកចម្រើនឥតឈប់ឈររបស់កម្ពុជា និងបានស្នើឱ្យសមាជិកគណៈប្រតិភូធ្វើឧទ្ទេសនាមអំពីសកម្មភាពវិនិយោគរបស់ខ្លួន និងគោលបំណងនៃការអញ្ជើញមកកម្ពុជា ក៏ដូចជាលើកឡើងនូវសំណួរពាក់ព័ន្ធនឹងការវិនិយោគនៅកម្ពុជា ដែលជារួមក្រុមហ៊ុនទាំងអស់មានបំណងពង្រីកការវិនិយោគមកកម្ពុជា។ លោកមានជំនឿជឿជាក់យ៉ាងមុតមាំថាបន្ទាប់ពីជំនួបពិភាក្សាការងារនាព្រឹកនេះ សមាជិកគណៈប្រតិភូនឹងធ្វើការសម្រេចចិត្តបណ្ដាក់ទុន វិនិយោគនៅកម្ពុជាជាក់ជាពុំខាន។

ដោយយោងលើស្ថានភាពនៃការវិនិយោគនៅកម្ពុជាដែលភាគច្រើននាំចូលវត្ថុធាតុដើម ឬផលិតផលពាក់កណ្ដាលសម្រេចដើម្បីផលិតជាផលិតផលផ្សេងៗនាំចេញទៅទីផ្សារបរទេស លោក ជា វុទ្ធី បានជំរុញលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការគិតគូរវិនិយោគបង្កើតតំបន់ឧស្សាហកម្មនៅកម្ពុជា ដែលមានខ្សែច្រវាក់ផលតិកម្មពីលើដល់ក្រោម (upstream to downstream) ដើម្បីធ្វើជាមូលដ្ឋានផលិតសម្រាប់ទីផ្សារក្នុងស្រុក, ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ព្រមទាំងបានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការការពារបរិស្ថាន តាមរយៈការប្រើប្រាស់ថាមពលស្អាត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង