ភ្នំពេញ៖សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែកក្កដា នេះ បានថ្លែងសារពិសេសទាក់ទិននឹងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) និង បានបញ្ជាក់ជាថ្មីថា គ្មានការបញ្ចូលដែនដីគ្នាក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការ CLV នោះឡើយ។ការអះអាងរបស់សម្តេចយ៉ាងដូច្នេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងការចុះផ្សាយតាមបណ្តាញសង្គមដែលគ្មានប្រភពថា កម្ពុជាកាត់ដីឱ្យវៀតណាម៤ខេត្ត តាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA)។
សម្តេច ហ៊ុន សែន បានចាត់ទុកការចុះផ្សាយនេះជា ខុសពីការពិតបំភ្លៃសភាពការណ៍ មិនអាចទទួលបាននូវការអត់ឱននោះឡើយ ហើយព្រមានអ្នកក្នុងប្រទេស ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ រីឯអ្នកនៅក្រៅប្រទេស ត្រូវមានវិប្បដិសារី ដោយសារតែការបំភ្លៃរបស់ពួកគេ នាំឱ្យអ្នកនៅក្នុងប្រទេសជាប់គុក។
បើតាមសម្តេច ហ៊ុន សែន កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា-ឡាវ-វៀតណាម (CLV DTA) ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៩ ជាគំនិតផ្តួចផ្តើមឡើងដោយសម្តេចផ្ទាល់ ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ដាច់ស្រយាល គិតមកដល់ពេលបច្ចុប្បន្ននេះកិច្ចប្រជុំកំពូលរហូតដល់ទៅ១១លើក។
សម្តេច ហ៊ុន សែន សង្កត់ធ្ងន់ថា CLV គឺជាក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច នៃបណ្តាខេត្តជាប់ព្រំដែន ពោលគឺគ្មានការបញ្ចូលដីគ្នា ដូចជាការចោទប្រកាន់នោះឡើយ។ ខេត្តពាក់ព័ន្ធទទួលបានផលប្រយោជន៍ពីគ្នាទៅវិញទៅមក។ មកដល់ពេលនេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា មនុស្ស៣នាក់ដែលត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងការបំភ្លៃសភាពការណ៍ក្នុងក្របខណ្ឌ CLV៕