សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី២១ ខែកក្កដា ២០២៤) ទទួលបានជើងហោះហើរ (ទ្វេទិស/Arrival+Depature) ជាមធ្យម ៣៦ជើង/ថ្ងៃ និងមានអ្នកដំណើរជាមធ្យម (ទ្វេទិស) ប្រមាណ២,៧០០នាក់/ថ្ងៃ ស្មើនឹងប្រមាណ ៧៥នាក់/ជើង។ នេះបើតាមការបញ្ជាក់របស់លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល មកកាន់ស៊ីស៊ីថាមស៍។
លោក ស៊ីន ចាន់សិរីវុត្ថា បានលើកឡើងថា ម៉ោងរវល់ប្រចាំថ្ងៃ ( daily peak hour) នាពេលព្រឹក គឺនៅចន្លោះម៉ោង ៩:០០ ដល់ម៉ោង ១១:០០ រីឯពេលល្ងាចនៅចន្លោះម៉ោង ១៨:០០ ដល់ម៉ោង ១៩:០០ នាទី។
លោកបានបញ្ជាក់ថា ស្ថានភាពនៃការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនៅតែបន្តមាន តែក៏មិនមមាញឹកច្រើនពេក ឬស្ងាត់ពេកនោះដែរ ព្រោះរដូវកាលនេះជាស្ថិតក្នុង Low season។
គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co.,Ltd (AIAI) ក្រោមទុនវិនិយោគប្រមាណ១ ១០០ លានដុល្លារអាម៉េរិក ស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយពីប្រាសាទអង្គរវត្ត ៤០គីទ្បូម៉ែត្រនិង ៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប។
អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មីនេះ មានចំណតសម្រាប់ចតអាកាសយានចំនួន ៣៨ចំណត និងអាចទទួលអ្នកដំណើរតាមផ្លូវអាកាសបាន ៧លាននាក់ក្នុងមួយឆ្នាំ សម្រាប់ឆ្នាំ២០២៣ និងឈានទៅទទួលអ្នកដំណើរបាន ១២លាននាក់ ក្នុងមួយឆ្នាំ ចាប់ពី២០៤០។
ជាមួយគ្នានេះ អាកាសយាន្តដ្ឋាននេះ អាចផ្ទុកទំនិញតាមផ្លូវអាកាសចំនួន ១០ ០០០តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ និង ២៦ ០០០ តោន ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០ ព្រមទាំងអាចទទួលជើងហោះហើរបានពី ៦៥ ៨០០ជើងក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ ២០២៣ ទៅ ១១២ ៧០០ ជើង ក្នុងមួយឆ្នាំ ចាប់ពីឆ្នាំ២០៤០៕