សៀមរាប៖អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ២០ កក្កដានេះ បានប្រារព្ធពិធីប្រុងពលីបើកការដ្ឋានជួសជុលស្ពានហាលខាងកើត នៃប្រាសាទបេងមាលា ក្រោមជំនួយថវិកាពីមូលនិធិពិសេសមេគង្គ-ឡានឆាង។ស្ថានភាពស្ពានហាលខាងកើតនេះ បានខូចខាតស្ទើរទាំងស្រុង ដោយសារកត្តាមនុស្ស អាយុកាល ធម្មជាតិ។ ជញ្ជាំងស្ពានស្រុត ប្រេះហែក ទ្រេត និងរលុះធ្លាក់មួយចំនួន ចំណែកឯ បង្កាន់ដៃនាគរលំដួលទាំងស្រុង ថ្មបែកបាក់ជាច្រើនកំណាត់ កម្រាលស្ពានស្រុត ហែកចេញជាច្រើនផ្នែក ថ្មប្រេះបែក និងពុកផុយ ហើយសសរមូលទ្របង្កាន់ដៃនាគក៏ដួលរលំស្ទើរទាំងស្រុងដែរ។
គម្រោងជួសជុលស្ពានហាលខាងកើតដែលជាច្រកចូលសំខាន់របស់ប្រាសាទនេះ មានទទឹង១៣ម៉ែត្រ បណ្តោយរួមទាំងរចនាសម្ពន្ធស្ពានហាលប្រវែង១០០ម៉ែត្រ។ ការងារសិក្សាស្រាវជ្រាវបានចាប់ផ្តើមតាំងពីខែមេសា ឆ្នាំ២០២៤ ហើយការងារជួសជុលគ្រោងនឹងបញ្ចប់នៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។
គួរបញ្ជាក់ថា ប្រាសាទបេងមាលា គឺជាផ្នែកមួយដ៏សំខាន់នៃរមណីយដ្ឋានអង្គរដែលបង្ហាញយ៉ាងពេញលេញអំពីប្រវត្តិសាស្ត្រដ៏យូរលង់របស់ប្រទេសកម្ពុជា និង បេតិកភណ្ឌវប្បធម៌ដ៏ជ្រាលជ្រៅ។ ការអនុវត្តគម្រោង អភិរក្ស និងការជួសជុលក្រោមក្របខណ្ឌកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាងនឹងមិនត្រឹមតែលើកកម្ពស់ការបង្ហាញ និងការប្រើប្រាស់ទីតាំងប្រាសាទបេងមាលាប៉ុណ្ណោះទេ។ ប៉ុន្តែ ថែមទាំងផ្តល់នូវបទពិសោធន៍និងឯកសារយោងសំខាន់ៗសម្រាប់ការការពារបេតិកភណ្ឌវប្បធម៍ដ៏មានតម្លៃជាច្រើនរបស់កម្ពុជា៕