Cctimesw1140xh150cm copy

សារព័ត៌មានធំៗលើពិភពលោកចុះផ្សាយព្រោងព្រាតពី«កូនក្រពើភ្នំ»របស់កម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សារព័ត៌មានធំៗលំដាប់អន្តរជាតិ បានចុះផ្សាយពីការចាប់អារម្មណ៍នៃការរកឃើញកូនក្រពើភ្នំ ដែលជាប្រភេទសត្វជិតផុតពូជនៅលើពិភពលោក ហើយត្រូវបានរកឃើញនៅកម្ពុជា។ ក្នុងនោះមានសារព័ត៌មានCNN និងABC News របស់អាម៉េរិក, BBC របស់អង់គ្លេស, Xinhua របស់ចិន និងសារព័ត៌មានអន្តរជាតិជាច្រើនទៀត បានចុះផ្សាយយ៉ាងព្រោងព្រាតពីការរកឃើញ«កូនក្រពើភ្នំ»របស់កម្ពុជា។

ក្នុងចំណោមសារព័ត៌មានដ៏ល្បីរបស់ពិភពលោកមាន CNN របស់អាម៉េរិក បានចុះផ្សាយ និងចាប់ចំណងជើងថា កូនក្រពើភ្នំ ដែលស្ទើរតែផុតពូជទៅហើយ ត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា ដោយភ្ជាប់ជាមួយខ្លឹមសារអត្ថបទសរសេររៀបរាប់ថា ក្តីសង្ឃឹមត្រូវបានលើកឡើងសម្រាប់អនាគតនៃប្រភេទសត្វក្រពើភ្នំដែលជិតផុតពូជនេះ។

រីឯសារព័ត៌មាន ABC News របស់អាម៉េរិក បានចុះផ្សាយ និងចាប់ចំណងជើងថា ពងក្រពើកម្រ ១០៦ ត្រូវបានរកឃើញនៅប្រទេសកម្ពុជា ដែលជាការរកឃើញដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំមកនេះ ដោយភ្ជាប់ជាមួយខ្លឹមសារថា ក្រុមអ្នកអភិរក្សនៅកម្ពុជាបានរកឃើញពងចំនួន ១០៦ នៃប្រភេទសត្វក្រពើភ្នំដ៏កម្រនៅក្នុងដែនជម្រកសត្វព្រៃភាគខាងលិចរបស់កម្ពុជា ដែលនេះគឺជាការផ្តល់ក្តីសង្ឃឹមថ្មីសម្រាប់ការរស់រានមានជីវិតរបស់សត្វក្រពើដ៏កម្របំផុតរបស់ពិភពលោក។ 

ចំណែកសារព័ត៌មាន Xinhua របស់ចិន បានចាប់ចំណងជើងថា កូនក្រពើភ្នំ ជាប្រភេទសត្វកម្របំផុត ត្រូវបានរកឃើញនៅកម្ពុជា ហើយបានភ្ជាបខ្លឹមសាររៀបរាប់ថា សម្បុកសត្វក្រពើភ្នំ ជិតផុតពូជចំនួន ៥ ត្រូវបានរកឃើញនៅក្នុងឧទ្យានជាតិជួរភ្នំក្រវាញរបស់ប្រទេសកម្ពុជា ដែលជាចំនួនសម្បុកដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ។

សូមជម្រាបថា សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល។ ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បានឆ្លុះបញ្ចាំង ឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និង សមស្របសម្រាប់ប្រភេទសត្វ ដ៏កម្រនេះរស់នៅ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង