ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ១៩ កក្កដានេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លាកឈ្មោះ «មហាវិថី ស៊ី ជីនពីង» នៅលើខ្សែផ្លូវក្រវាត់ក្រុងទី៣។ពិធីនេះរៀបចំឡើងក្រោមអធិបតីភាពរបស់លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។កម្ពុជា និង ចិន ចាត់ទុក «មហាវិថី ស៊ី ជីនពីង» គឺជាសក្ខីភាពថ្មីមួយបន្ថែមទៀតរវាងកម្ពុជានិងចិន ដែលបានបង្កប់នូវអត្ថន័យនៃទំនាក់ទំនងទ្វេភាគីជាប្រវត្តិសាស្ត្រយូរអង្វែង។
មហាវិថី ស៊ី ជីនពីង មានប្រវែង ៤៧,១០គីឡូម៉ែត្រ គឺជាកំណាត់ផ្លូវមេ ឆ្លងកាត់ភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល មានចំណុចចាប់ផ្តើមពីគីឡូម៉ែត្រ ២៤+៨៤០ នៃផ្លូវជាតិលេខ១ ទៅដល់គីឡូម៉ែត្រ ១៤+១០៥ នៃផ្លូវជាតិលេខ៤ ត្រូវបានសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣។
មហាវិថីនេះមានភាពប្រទាក់ក្រឡា និងតភ្ជាប់ជាមួយបណ្តាញខ្សែផ្លូវខេត្ត និង ផ្លូវជាតិសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និង ខេត្តកណ្តាល និង តភ្ជាប់ជាមួយផ្លូវអាស៊ានហាយវ៉េយលេខ១ (AH-1), ផ្លូវអាស៊ានហាយវ៉េយ លេខ១១ (AH-11), ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ជាផ្លូវល្បឿនលឿនទីមួយ និង តភ្ជាប់ជាមួយផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កំពុងដំណើរការសាងសង់ និង គ្រោងបញ្ចប់នាពេលខាងមុខ។
ក្រោយការដាក់ឱ្យប្រើប្រាស់ជាផ្លូវការជិត ១ឆ្នាំកន្លងមកនេះ មហាវិថី ស៊ី ជីនពីង បានជំរុញសក្តានុពលកំណើននៃការដឹកជញ្ជូនទំនិញគ្រប់ប្រភេទ និង សម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ អាចកាត់បន្ថយការកកស្ទះចរាចរណ៍ និង ចំណេញពេលវេលា។
មហាវិថីនេះបាននិងកំពុងប្រែក្លាយតំបន់ដែលនៅអមសងខាងខ្សែផ្លូវឱ្យទៅជាតំបន់អភិវឌ្ឍន៍ភស្តុភារកម្ម តំបន់ឧស្សាហកម្ម តំបន់រោងចក្រ ឃ្លាំងស្តុកទំនិញ និងការអភិវឌ្ឍបុរី និងលំនៅឋានដែលបច្ចុប្បន្ន មានប្រជាពលរដ្ឋមករស់នៅកាន់តែកុះករ និងប្រកបរបរជំនួញកាន់តែច្រើនឡើង ហើយនាពេលអនាគតក៏នឹងបន្តប្រែក្លាយតំបន់ជាយក្រុងឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត៕