Cctimesw1140xh150cm copy

ក្រុមហ៊ុនបរទេសមួយកំពុងពិភាក្សាលើគម្រោងពង្រីកអាជីវកម្មរបស់ខ្លួនក្នុងខេត្តពោធិ៍សាត់

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) ដើម្បីពិភាក្សាផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់ ខណៈបច្ចុប្បន្នក្រុមហ៊ុននេះកំពុងវិនិយោគនៅកម្ពុជាលើការផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ និងឧបករណ៍អុបទិច ជាដើម។

នាឱកាសនោះ លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) បានថ្លែងអំណរគុណជូនចំពោះលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបានផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកវិនិយោគសាងសង់រោងចក្រថ្មីរបស់ក្រុមហ៊ុននៅប្រទេសកម្ពុជា និងបន្ថែមពីនេះ លោកក៏បានស្នើសុំការគាំទ្របន្ថែមទៀតលើដំណើរការអនុម័តលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីសម្រួលឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន។

គួរបញ្ជាក់ថា ក្រុមហ៊ុន មីនេបៀមីត្សូមី(MinebeaMitsumi) កំពុងវិនិយោគនៅកម្ពុជាលើអាជីវកម្ម ផលិតម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿងបំណែកដោយម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង