ភ្នំពេញ៖ វិស័យឯកជន គាំទ្រសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្តសកម្មភាពចុះត្រួតពិនត្យអាជីវករតាមមូលដ្ឋានដោយផ្ទាល់ ដើម្បីដឹងឱ្យបានកាន់តែច្បាស់ពីស្ថានភាពរបស់អាជីវករតាមមូលដ្ឋាន ជាពិសេស អាចដោះស្រាយបញ្ហាជូនអាជីវករនៅតំបន់នោះបានឱ្យកាន់តែមានប្រសិទ្ធិភាព។ ការគាំទ្រនេះត្រូវបានធ្វើឡើងបន្ទាប់ពីសម្ដេច ហ៊ុន ម៉ាណែត បានចុះសួរនាំអាជីវករនៅតំបន់ ផាប់ស្រ្ទីត ក្នុងខេត្តសៀមរាបដោយផ្ទាល់ និងមិនបានបញ្ចេញអត្តសញ្ញាណ។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការបង្ហាញខ្លួនរបស់សម្ដេច ហ៊ុន ម៉ាណែត នៅទីសាធារណៈដោយមិនបញ្ចេញមុខនេះ គឺជារឿងមួយល្អដើម្បីស្វែងយល់ឱ្យដឹងការពិតពីអ្វីដែលអាក្រក់ អ្វីដែលល្អ ដូច្នេះសង្កេតឃើញថា ការចុះត្រួតពិនិត្យរបស់សម្ដេចបានដោះស្រាយបញ្ហាមួយចំនួនដូចជា ការចាយប្រាក់ដុល្លារ សុខទុក្ខរបស់អាជីវករមូលដ្ឋាន និងបញ្ហាសំខាន់មួយចំនួនទៀត។
អនុប្រធានសភាពាណិជ្ជកម្មរូបនេះ បន្តថា ការចុះត្រួតពិនិត្យដែលមិនបានបង្ហាញអត្តសញ្ញាណនេះគឺជារឿងមួយល្អ ដើម្បីឱ្យបានដឹងកាន់តែច្បាស់អំពីការងាររបស់មន្រ្តីដែលបានបញ្ជូនរបាយការណ៍ទៅកាន់សម្ដេច ថាតើរបាយការណ៍ទាំងនោះពិតជាសមាមាត្រជាមួយស្ថានភាពជាន់ស្តែងនៅតំបន់ទេសចរណ៍នេះឬយ៉ាងណា។ នេះជាចំណុចដែលល្អបំផុតសម្រាប់ប្រជាពលរដ្ឋក្នុងវិស័យឯកជនចង់បាន និងចង់ឃើញថ្នាក់ដឹកនាំកំពូលប្រចាំប្រទេសបានដឹងពីសុខទុក្ខប្រជាពលរដ្ឋដោយផ្ទាល់។
អ្នកឧកញ៉ា លឹម ហេង សង្ឃឹមថា សម្ដេច ហ៊ុន ម៉ាណែត នឹងបន្តសកម្មភាពនេះនៅតាមតំបន់ផ្សេងៗ និងស្វែងរកដំណោះស្រាយជូនអាជីវករនៅតាមមូលដ្ឋានទាំងនោះ។
គួរបញ្ជាក់ថា សម្ដេច ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីយប់ថ្ងៃទី១៧ ខែកក្កដានេះ បានបង្ហាញពីភាពសាមញ្ញ ដោយបានចុះទៅពិនិត្យ សួរនាំអាជីវករ និង សិក្សាពីស្ថានភាពទេសចរណ៍ នៅតំបន់ ផាប់ស្រ្ទីត ជាតំបន់ទេសចរណ៍សំខាន់ក្នុងខេត្តសៀមរាប។ ការចុះពិនិត្យនេះ ត្រូវបានធ្វើឡើងដោយភាពសាមញ្ញដែលពុំមានការចាប់អារម្មណ៍ពីសំណាក់អាជីវករ ក៏ដូចជាភ្ញៀវទេសចរណ៍នៅតំបន់នោះឡើយ ប៉ុន្តែក្រោយមកក៏មានអាជីវករមួយចំនួនអាចចំណាំសម្ដេច និង បានបង្ហាញពីភាពភ្ញាក់ផ្អើលជាខ្លាំង៕