ភ្នំពេញ៖ក្រសួងជំនាញរបស់កម្ពុជា បានប្រកាសរកឃើញសំបុក«ក្រពើភ្នំ»សរុបចំនួន ៥សំបុក នៅឧទ្យានជាតិជួរភ្នំក្រវាញ ដែលជាចំនួនសំបុកពងកូនច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ២០ឆ្នាំកន្លងមកនេះ។សំបុកទាំង៥នោះ មានពងសរុបចំនួន ១០៦ គ្រាប់ ក្នុងនោះពងដែលមានលទ្ធភាពបង្កកំណើតមាន ចំនួន ៦៦គ្រាប់។ សំបុកទាំងនោះ ត្រូវបានយាមការយ៉ាងម៉ត់ចត់ពីមន្ត្រីឧទ្យានុរក្ស និង សំណាក់សហគមន៍ មូលដ្ឋាន។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។
យោងតាមសេចក្តីប្រកាសព័ត៌មាន កូនក្រពើភ្នំសរុបចំនួន ៦០ក្បាល ត្រូវញាស់ចេញពីសំបុកដោយជោគជ័យក្នុង ចន្លោះថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។សម្រាប់កម្ពុជាចាត់ទុកការរកឃើញនេះបានបង្ហាញថា តំបន់នេះគឺជាជម្រក ដ៏សំខាន់សម្រាប់សត្វក្រពើធម្មជាតិ និង បានផ្ដល់ជាក្ដីសង្ឃឹមដល់ការកើនឡើងនៃប្រភេទសត្វនេះនៅក្នុងធម្មជាតិ។
សត្វក្រពើភ្នំ គឺជាប្រភេទសត្វជិតផុតពូជបំផុតនៅក្នុងធម្មជាតិ ហើយមានចំនួន ប្រមាណជាង ១០០០ក្បាលប៉ុណ្ណោះនៅលើពិភពលោក ក្នុងនោះកម្ពុជាដែលត្រូវចាត់ទុកថាមានវត្តមាន សត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល។ក្រពើភ្នំបានដើរតួយ៉ាងសំខាន់ក្នុង ប្រព័ន្ធអេកូឡូស៊ី ហើយការរកឃើញសំបុកពងកូនចំនួន ៥សំបុក និងញាស់ជោគជ័យបាន ៦០កូន បានឆ្លុះបញ្ចាំង ឱ្យឃើញថា ឧទ្យានជាតិជួរភ្នំក្រវាញជាទីជម្រកធម្មជាតិដ៏មានសុវត្ថិភាព និង សមស្របសម្រាប់ប្រភេទសត្វ ដ៏កម្រនេះរស់នៅ។នេះបើតាមក្រសួងបរិស្ថានកម្ពុជា។