Cctimesw1140xh150cm copy

ឆមាសទី១៖កម្ពុជាមាន«គ្រោះថ្នាក់ចរាចរណ៍»១៥២០លើកស្លាប់៧៩៣នាក់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ករណីគ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនកន្លងទៅ។

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ១៦ កក្កដា ម្សិលមិញ បានបើកកិច្ចប្រជុំ«សេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី»ក្រោមអធិបតីភាពរបស់លោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ជាប្រធានគណ:កម្មាធិការជាតិសុវត្ថិភាពចរាចរណ៏ផ្លូវគោក។ជាកិច្ចប្រជុំធ្វើឡើង ខណៈពេលដែលករណីគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជាកើនឡើង ដោយមានសម្លាប់ពលរដ្ឋប្រមាណ៧៩៣នាក់ នៅឆមាសទី១ ឆ្នាំ២០២៤នេះ។

ក្នុងឆមាសទី១ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១ ៥២០ លើក ក្នុងនោះ ចំនួនអ្នកស្លាប់ចំនួន ៧៩៣នាក់ កើនឡើង ៣៧នាក់ ស្មើនឹង ៥ភាគរយ ចំនួនអ្នករបួសចំនួន ២ ០៧២នាក់ កើនឡើង ៤៤នាក់ ស្មើនឹង ២ភាគរយ ដែលបានបន្សល់ទុកនូវសោកនាដកម្ម និងបន្ទុកជាច្រើនដល់ប្រជាពលរដ្ឋ និងសង្គម។ ក្នុងចំណោម អ្នកស្លាប់សរុបមាន ៧៥ភាគរយ ជាអ្នកជិះម៉ូតូ ខណៈចំនួនយានយន្តបានចុះបញ្ជី គិតមកដល់ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សរុបចំនួន ៧ ៣៥១ ៩០៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៦ ២៤៤ ០៩៦គ្រឿង។

ដើម្បីឆ្លើយតបជាមួយការកើនឡើងនេះ ក្រសួងមហាផ្ទៃកម្ពុជា បាននឹងកំពុងពន្លឿន ការរៀបចំកែសម្រួលសេចក្តីព្រាងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី គឺដើម្បីឱ្យស្របតាមស្ថានភាពជាក់ស្តែងនៃការរីកចម្រើនរបស់ប្រទេសកម្ពុជា និងចូលរួមទប់ស្កាត់ កាត់បន្ថយគ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យមកនៅកម្រិតទាបបំផុត និង ចូលរួមអនុវត្តនូវផែនការសកលស្តីពីសុវត្ថិភាពចរាចរណ៍ របស់អង្គការសហប្រជាជាតិក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និង អ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០។

សេចក្តីព្រាងច្បាប់ថ្មី ស្តីពីចរាចរណ៍ផ្លូវគោកនេះ ត្រូវបានបន្ថែមថ្មី និងកែសម្រួល ចំនួន ៥២មាត្រា លើ ៩២មាត្រា ដែលក្នុងនោះ ផ្តើមស្នើដោយក្រសួងសាធារណការ និងដឹកជញ្ជូនចំនួន ៤០មាត្រា ផ្តើមស្នើដោយក្រសួងមហាផ្ទៃ ចំនួន ៥មាត្រា និងផ្តើមស្នើដោយក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ ចំនួន៧មាត្រា។

ក្នុងកិច្ចប្រជុំនោះ លោក ស សុខា ស្នើក្រុមការងាររបស់ក្រុមការងារ បន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារ នៃទីស្តីការគណៈរដ្ឋមន្រ្តី ដើម្បីបន្តឆ្លងក្រុមការងារបច្ចេកទេស តាមនីតិវិធី ឱ្យបានឆាប់រហ័ស និងឈានដល់ការស្នើសុំដាក់ជូនឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដើម្បីទប់ស្កាត់ និង កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង