ភ្នំពេញ៖ និស្សិតរៀនជំនាញ«បើកយន្តហោះ»សរុបមាននិស្សិតសរុបចំនួន ២២នាក់ ជនជាតិខ្មែរ ២០នាក់ កំពុងប្រឈមនឹងបាត់បង់អនាគតរបស់ពួក ក្រោយពីក្រុមហ៊ុនអាកាសចរ ឡានម៉ី អ៊ែរឡាញ បានផ្អាកប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ហើយបំពានកិច្ចសន្យាបោះបង់ក្រុមនិស្សិតចោលពាក់កណ្តាលទី ដែលនាំឱ្យបាត់បង់ថវិកាបង់ថ្លៃសិក្សារាប់ម៉ឺនដុល្លារ និង ខាតបង់ពេលវេលា។ក្រុមនិស្សិតស្នើសុំឱ្យរាជរដ្ឋាភិបាលកម្ពុជា ជាពិសេស រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជួយស្វែងរកដំណោះស្រាយដល់ពួកគេ។
ក្នុងបទសម្ភាសន៍ជាមួយ សារព័ត៌មាន ស៊ីស៊ីថាមស៍ តំណាងក្រុមនិស្សិត ហេង សីហា និស្សិតផ្នែកអាកាសយានិក ជំនាន់ទី០១ បានគូសបញ្ជាក់ថា ដើមឡើយ ក្រុមហ៊ុនអាកាសចរឡាម៉ីអ៊ែរឡាញ បានប្រកាសជ្រើសរើសសិក្ខាកាមអាកាសយានិកអោយចូលរៀនកម្មវិធី Multi-Crew Pilot License (MPL) លើកដំបូងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ដោយតម្រូវឱ្យសិក្ខាកាមទាំងអស់ឆ្លងកាត់វគ្គសិក្សាចំនួន៥ដំណាក់កាល ប្រើរយៈពេល ៨២សប្តាហ៍ និង ត្រូវចំណាយអស់ទឹកប្រាក់ប្រមាណ « ១៥ម៉ឺនដុល្លារ ហើយថវិកាគឺបង់តាមវគ្គសិក្សា។ប៉ុន្តែ ក្រុមហ៊ុនឡានម៉ីត្រេននីងសេនធ័រ ចាប់ផ្តើមមានដំណើរការរអាក់រអួល មិនប្រក្រតី គួរអោយកត់សម្គាល់ខ្លាំងគឺចាប់តាំងពី ដើមឆ្នាំ២០២៤ មកម៉្លេះ គឺពេលនោះក្រុមហ៊ុនចាប់ផ្តើមផ្អាកការហោះហើររបស់ខ្លួនជាបណ្តើរៗ។
បើតាមយុវជន ហេង សីហា ក្រោយក្រុមហ៊ុនផ្អាកប្រតិបត្តិការ ការហ្វឹកហ្វឺនរបស់ ក្រុមនិស្សិតអាកាសយានិកត្រូវបានផ្អាកជាបន្តបន្ទាប់ និងមានការពន្យារពេលឥតឈប់ឈរ ដោយលើកពាក្យដោះសារជាច្រើនលើក ទាំងដែលក្រុមហ៊ុនមិនអាចធ្វើតាមពាក្យសន្យាកន្លងមកបាន។ លើសពីនេះទៅទៀតសមាសភាពក្នុងរចនាសម្ព័ន្ធដឹកនាំរបស់កម្មវិធីហ្វឹកហ្វឺន MPL គ្រូបង្គោលនិង គ្រូបង្វឹកទាំងអស់ បានលាឈប់ពីតំណែងទាំងស្រុង ធ្វើអោយនិស្សិតទាំងអស់មានការព្រួយបារម្ភជាខ្លាំង មិនមានសង្ឃឹមថា ក្រុមហ៊ុនមានលទ្ធភាពបន្តបណ្តុះបណ្តាល និង ផ្តល់ការងារធ្វើតាមកិច្ចសន្យាបានឡើយ។
ក្នុងបទសម្ភាសន៍ ក្រុមនិស្សិតទាំងអស់ បានបង្ហាញពីបំណងតែមួយគត់គឺចង់ បន្តការសិក្សា ដើម្បីក្លាយជាអាកាសយានិក ដូច្នេះ ស្នើរសុំអោយឲ្យ ក្រុមហ៊ុនឡានម៉ីត្រេននីងសេនធ័រ ធ្វើយ៉ាងរកច្រកចេញអោយសិស្ស និស្សិត ដើម្បីបញ្ចប់ការបណ្តុះបណ្តាល និង ហ្វឹកហ្វឺនរបស់សិស្សនិស្សិតទាំងអស់គ្នាអោយបានដល់គោលដៅ តាមរយៈកិច្ចសហការណ៍ជាមួយក្រុមហ៊ុនអាកាសចរក្នុងស្រុកណាមួយដោយមានទំនួលខុសត្រូវខ្ពស់ តាមការសន្យារបស់ឡានម៉ី ត្រេននីង សេនធ័រ ដើម្បីអោយសិស្សនិស្សិតទាំងអស់គ្នាបានចូលបម្រើការងារហោះហើរជាអាកាសយានិក។
ក្នុងករណីមិនអាចផ្ទេរបានទេ សុំអោយ ឡានម៉ី ត្រេននីង សេនធ័រ សហការ និង សន្យាជាមួយ អជ្ញាធរអាកាសចរស៊ីវិល ក្នុងការយកយន្តហោះមកដំណើរការប្រតិបត្តិការហោះហើរឡើងវិញ ក្នុងកាលបរិច្ឆេទណាមួយច្បាស់លាស់។ ប្រសិនបើ ក្រុមហ៊ុនឡានម៉ីត្រេននីងសេនធ័រ មិនអាចបន្តការហ្វឹកហ្វឺន ក្រុមនិស្សិតស្នើសុំឲ្យក្រុមហ៊ុនទទួលស្គាល់ និង បង់ត្រលប់នូវទឹកប្រាក់មួយចំនួនដើម្បីឲ្យសិស្ស និស្សិតទាំងអស់យកប្រាក់នេះជាទុន ដើម្បីបន្តការសិក្សាក្នុងជំនាញនេះបន្តទៀតនៅក្រៅប្រទេស៕