កណ្ដាល៖ សមត្ថកិច្ចចម្រុះនៃក្រសួងកសិកម្ម នៅថ្ងៃទី១៥ ខែកក្កដា បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ នៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមនីតិវិធីច្បាប់។
បើតាមក្រសួងកសិកម្ម បានឲ្យដឹងថា ចំណាត់ការនេះ ធ្វើឡើងដោយសមត្ថកិច្ចចម្រុះ រួមមាន អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គ រួមជាមួយខណ្ឌរដ្ឋបាលជលផលកណ្តាល កងកម្លាំងជំនាញស្រាវជ្រាវ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយលោកព្រះរាជអាជ្ញារងខេត្តកណ្តាល ដែលបានឃាត់ខ្លួនជនសង្ស័យឈ្មោះ សែម វ៉ាន់ថា ហៅជាង សំ ដែលបានផលិត លក់ ចែកចាយឧបករណ៍ឆក់ត្រីខុសច្បាប់ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
គួរបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញជលផល កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕