ភ្នំពេញ៖ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា លោក ទៀ សីហា នៅថ្ងៃទី ១៤ កក្កដានេះ បានប្រកាសជាសាធារណៈថា ជនរងគ្រោះដែលបានបាត់ខ្លួនដោយសារឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រ មានតែពីរនាក់ប៉ុណ្ណោះ គឺអ្នកបើកបរម្នាក់ និង ជំនួយការបើកបរម្នាក់ ពុំមែនមានមនុស្ស ០៧នាក់ ដូចការផ្សព្វផ្សាយរបស់សារព័ត៌មួយចំនួននោះទេ។ការថ្លែងយ៉ាងដូច្នេះ ធ្វើឡើងនាឱកាសអញ្ជើញជាអធិបតីភាព ប្រារព្ធពិធីអបអរសាទរ ខួបលើកទី៣១ឆ្នាំនៃ ទិវាបង្កើតកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល រាជធានីភ្នំពេញ។
លោក ទៀ សីហា បានគូសបញ្ជាក់ថា ឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសរបស់កម្ពុជា គឺហោះហើររាល់ថ្ងៃ ហើយឧទ្ធម្ភាគចក្រដែលបានទំនាក់ទំនងនេះ គឺជាការហ្វឹកហ្វឺកពីភ្នំពេញ ទៅថ្មដា ខេត្តពោធិ៍សាត់ ហើយបកមកភ្នំពេញវិញ តែជាអកុសលថ្ងៃហ្វឹកហ្វឺននោះ ជួបបញ្ហាអាកាសធាតុ ខណៈក្នុងនៅលើឧទ្ធម្ភាគចក្រមានតែមនុស្ស២នាក់តែប៉ុណ្ណោះ។
នៅព្រឹកថ្ងៃអាទិត្យទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះដែរ យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការពារជាតិ សូមប្រកាសជូនដំណឹងដល់សាធារណៈជនអោយបានជ្រាបថា៖ ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកដាក់ពីក្រុមការងារជួយសង្រ្គោះ អស់រយៈពេលពេញមួយថ្ងៃ ចាប់តាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ក្រោមអាកាសធាតុមិនអំណោយផល និងឧបសគ្គជាច្រើនក្នុងបេសកកម្មរុករកឧទ្ធម្ភាគចក្រមួយគ្រឿង ដែលបានបាត់បង់ ការទាក់ទងពីទីបញ្ជាការទ័ពអាកាស ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន នៅភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្រុមការងារជួយសង្រ្គោះនៅមិនទាន់ប្រទះឬ រកឃើញឧទ្ធម្ភាគចក្រនេះនៅឡើយ ។
ក្រសួងការពារជាតិ បានគូសបញ្ជាក់បន្ថែមថា នៅព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមការងារជួយសង្រ្គោះ ដែលមានការចូលរួមពីបណ្តាកងឯកភាពពាក់ព័ន្ធក្នុងភូមិសាស្ត្របាត់បង់ ឧទ្ធម្ភាគចក្រនឹងខិតខំប្រឹងប្រែងបន្តសកម្មភាពស្វែងរកឧទ្ធម្ភាគចក្រដែលបានបាត់បង់បន្តទៀត៕