ភ្នំពេញ៖ ក្នុងឆមាសទី១នៃឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងចិន-កម្ពុជា សម្រេចបាន ៧.៣១ពាន់លានដុល្លារអាម៉េរិក កើនឡើង១៨.៨% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤(ចាប់ពីខែមករា-មិថុនា) កម្ពុជាបាននាំចេញទៅចិនក្នុងទឹកប្រាក់ចំនួន ៨១៤,៨២៩ ពាន់ដុល្លារ កើនឡើង ១៤.២% និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៦.៤ ពាន់លានដុល្លារ កើនឡើង ១៩.៤%។
ប្រទេសចិនស្ថិតនៅលំដាប់ទី១ជាដៃគូពាណិជ្ជកម្មរបស់កម្ពុជាដែលធ្វើការនាំចេញ នាំចូលទំនិញច្រើនជាងគេ ហើយប្រទេសជាដៃគូពាណិជ្ជកម្មកំពូលៗរបស់កម្ពុជាបន្ទាប់ពីចិនមានដូចជា អាម៉េរិក វៀតណាម ថៃ និងជប៉ុន។ល។
ទន្ទឹមនឹងនេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) គឺជាកត្តាជំរុញសម្រាប់កំណើនពាណិជ្ជកម្មនេះ។ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងពីរ ផលិតផលរបស់កម្ពុជា ជាពិសេសកសិផលដែលមានគុណភាពខ្ពស់ដូចជា អង្ករ ចេកលឿង ស្វាយ ដំឡូងមី និងម្រេច ត្រូវបាននាំចេញទៅកាន់ប្រទេសចិនជាមួយនឹងការអនុគ្រោះពន្ធ។ នេះបើតាមការបញ្ចាក់របស់លោក ប៉ែន សុវិជាតិ ទៅកាន់សារព័ត៌មាន Xinhua៕