ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយលោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើការចុះកម្មសិក្សាក្នុងគោលបំណងគាំទ្រលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ពិធីចុះអនុស្សរណៈនេះត្រូវបានធ្វើឡើងនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ការចុះអនុស្សរណៈនេះ មានគោលបំណងក្នុងការបង្កើនកិច្ចសហប្រតិបត្តិការលើការបណ្តុះបណ្តាលជំនាញ បង្កើនសមត្ថភាព និងការផ្លាស់ប្តូរជំនាញក្នុងទិសដៅដើម្បីបង្កើនផលិតភាពការងារដល់កម្លាំងពលកម្មដែលជាយុវជនពេញកម្លាំងរបស់កម្ពុជា រួមទាំងយុវជនគោលដៅដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យដើម្បីអាចទទួលបានការងារដែលមានស្ថេរភាព និងមានប្រាក់ចំណូលសមរម្យ។
ក្រសួងការងារបានបញ្ជាក់ថា កិច្ចសហប្រត្តិបត្តិការរវាងភាគីទាំងពីនេះ ក៏នឹងផ្តល់វិសាលភាពធំទូលាយលើការអភិវឌ្ឍធនធានមនុស្សលើគ្រប់វិស័យដោយនឹងផ្តោតលើសកម្មភាពសំខាន់ៗដូចជាការធ្វើសិក្ខាសាលា ការចុះកម្មសិក្សារបស់សិក្ខាកាមនៃវគ្គបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងសកម្មភាពសំខាន់ៗផ្សេងទៀតដែលជាគុណប្រយោជន៍សម្រាប់ការពង្រឹងសមត្ថភាព ផលិតភាពដើម្បីបម្រើទីផ្សារការងារនៅកម្ពុជា។
លោក FUKUHARA KOJI ប្រធានសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុន(JBAC) បានលើកឡើងថា ការចុះអនុស្សរណៈនេះនឹងបើកផ្លូវឱ្យមានការចុះកម្មសិក្សាពីសិក្ខាកាមជំនាញនៅក្រុមហ៊ុនជប៉ុនដែលមានវត្តមាននៅកម្ពុជាដែលជាយន្តការពង្រឹងសមត្ថភាព និងការក្របជញ្ជក់ចំណេះជំនាញពីក្រុមហ៊ុនជប៉ុន។
លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការចុះកម្មសិក្សានេះ គឺមិនត្រឹមតែជាការបណ្តុះបណ្តាលសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការរៀនសូត្រពីបរិយាកាសក្នុងកន្លែងការងារបន្ទាប់ពីកាសិក្សាក្នុងសាលាផងដែរ។ ក្រៅពីនេះ លោកបានជំរុញឱ្យសហគ្រិនជប៉ុនបញ្ជូនបុគ្គលិកចូលវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពដើម្បីបង្កើនផលិតភាពការងារជាមួយនឹងកាលវិភាគដែលមានភាពបត់បែនក្នុងកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលដោយឥតគិតថ្លៃ។
គួរបញ្ជាក់ថា ការចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងភាគីសមាគមពាណិជ្ជកម្មកម្ពុជា-ជប៉ុននាពេលនេះ គឺជាការចុះអនុស្សរណៈថ្មីមួយបន្ថែមទៀតបន្ទាប់ពីក្រសួងការងារ បានចុះអនុស្សរណៈជាមួយសភាពាណិជ្ជកម្មកម្ពុជា និងសមាគមនិយោជកចំនួន១៧ស្ថាប័នកាលពីខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅដើម្បីផ្តល់ឱកាសយុវជនកម្ពុជាដែលបានសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈ អាចចូលធ្វើការដើម្បីដកស្រង់បទពិសោធន៍ជាក់ស្តែងបានដោយពិតប្រាកដ៕