ភ្នំពេញ៖ តម្លៃលក់រាយប្រេងឥន្ទនៈ នៅកម្ពុជាចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នឹងមានតម្លៃ៤ ៣០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង តម្លៃ ៤ ២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី១១កក្កដានេះ។
ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នឹងត្រូវលក់ ៤.៥៦៨ រៀល/១លីត្រ សម្រាប់សាំងធម្មតា EA92 និង ៤.៤៦៨រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
សេចក្តីជូនដំណឹងបន្តថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន៦.៥សេនដុល្លារ/លីត្រ ។
ដូច្នេះថ្លៃលក់ប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ផ្ដើមពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ នឹងត្រូវលក់៤ ៣០០រៀល/លីត្រ សម្រាប់សាំងធម្មតា EA92 និង៤ ២០០ រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។
គួរបញ្ជាក់ថា តម្លៃលក់រាយប្រេងឥន្ទនៈសម្រាប់អនុវត្តនៅកម្ពុជាចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ត្រូវលក់សាំងធម្មតាក្នុងតម្លៃ ៤ ២៥០រៀល/លីត្រ និងម៉ាស៊ូតត្រូវលក់ ៤ ២០០រៀល/លីត្រ ខណៈតម្លៃប្រេងសាំងស៊ុបពែរមានតម្លៃជិត៥០០០រៀល៕