ភ្នំពេញ៖ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានប្រមាណ ២៦ពាន់លានដុល្លារ កើនឡើង១២,៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាអាចរកចំណូលពីការនាំចេញទំនិញទៅកាន់ទីផ្សារអន្តរជាតិបានចំនួនប្រមាណ ១២,២ពាន់លានដុល្លារ កើនឡើង១២.៦% ហើយនាំចូលមកវិញក្នុងទំហំទឹកប្រាក់ប្រមាណ ១៣,៧ពាន់លានដុល្លារ កើនឡើង ១២.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ក្នុងនោះ កម្ពុជាបាននាំចេញនិងនាំចូលជាមួយប្រទេសចិនច្រើនជាងគេ ដែលបានធ្វើឱ្យទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបានប្រមាណជាង ៧,៣ ពាន់លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កើនឡើង ១៨.៨% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាបាននាំចេញទៅចិនក្នុងទឹកប្រាក់ចំនួន ៨១៤,៨២៩ ពាន់ដុល្លារ កើនឡើង ១៤.២% និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៦,៤ ពាន់លានដុល្លារ កើនឡើង ១៩.៤%។
បន្ទាប់មកទៀតគឺ សហរដដ្ឋអាម៉េរិក ដោយក្នុងឆមាសទី១ឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អាម៉េរិក សម្រេចបានប្រមាណជាង ៤,៥ ពាន់លានដុល្លារ កើនឡើង៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ក្នុងនោះកម្ពុជាបាននាំចេញទៅកាន់អាម៉េរិកកក្នុងទឹកប្រាក់ចំនួន ៤,៤ពាន់លានដុល្លារ កើនឡើង៣.៩% និងនាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ១២៧,៧៨៨ ពាន់ដុល្លារ កើនឡើង ៦.៩%។
រីឯប្រទេសវៀតណាម ស្ថិតនៅលេខរៀងទី៣ ជាប្រទេសដែលកម្ពុជាបានធ្វើការនាំចេញនិងនាំចូលទំនិញច្រើនជាងគេបន្ទាប់ពីចិន និងអាម៉េរិក ហើយទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៤ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជាបាននាំចេញទំនិញទៅកាន់ទីផ្សារវៀតណាមក្នុងទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ កើនឡើង ៤១.៨% និងនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណជាង ២ពាន់លានដុល្លារ កើនឡើង ៧.៩% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ បន្ទាប់មកទៀតមានប្រទេសថៃ ជប៉ុន ឥណ្ឌូនេស៊ី កាណាដា និងសិង្ហបុរី ជាដើម៕