ភ្នំពេញ៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ កម្ពុជាអាចរកចំណូលបានជិត១ពាន់លានដុល្លារពីការនាំចេញស្រូវ អង្ករ ទៅកាន់ទីផ្សារអន្តរជាតិ ដោយក្នុងនោះកម្ពុជាបាននាំចេញអង្ករចំនួន ជាង ៣៣៨ពាន់តោន ដែលគិតជាទឹកប្រាក់មានចំនួន ២៤៧.៦០ លានដុល្លារអាម៉េរិក និងស្រូវជាង ២,៥ លានតោន ដែលគិតជាទឹកប្រាក់មានចំនួន ៧២៧.៣៦ លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
បើតាមរបាយការណ៍ ក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ(ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០២៤) កម្ពុជាបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិបានជាង៣៣៨ពាន់តោន ដោយក្រុមហ៊ុននាំចេញចំនួន៥១ក្រុមហ៊ុន ក្នុងនោះបាននាំចេញទៅប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័តចំនួន ៧៥ ៣៩៨ តោន ស្មើនឹង ៤៧.០១ លានដុល្លារ, សមាជិកអាស៊ាន៧ប្រទេសចំនួន ៧៤ ៥៥៤ តោន ស្មើនឹង ៥១.៨៥ លានដុល្លារ, ប្រទេសនៅក្នុងទ្វីបអឺរ៉ុប២៦ប្រទេសចំនួន ១៥៦ ៧៨៩ តោន ស្មើនឹង ១២១.៣២ លានដុល្លារ, និង២៧ប្រទេសផ្សេងៗទៀតនៅអាហ្វ្រិក មជ្ឃឹមបូព៌ា។ល។ ចំនួន ២៧.៤២ លានដុល្លារ។
ប្រភេទអង្ករនាំចេញមានដូចជា អង្ករក្រអូបគ្រប់ប្រភេទ ៧០.៦៣%, អង្ករសគ្រាប់វែង ២៥.០៧%, អង្ករចំហ៊ុយ ២.៥៧%, អង្ករសរីរាង្គ ១.៤៨% និងអង្ករផ្សេងៗទៀតចំនួន ០.២៥%។
ចំពោះការនាំចេញស្រូវក្នុងរយៈពេល៦ខែនេះមានចំនួនជាង ២,៥លានតោន ក្នុងនោះ ៧៥% ត្រូវឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញពីអាជ្ញាធរមានសមត្ថកិច្ច៕