ភ្នំពេញ៖ សម្ព័ន្ធនិយោជកហ្រ្វង់កូហ្វូនី (APF) នឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ នេះជាការបញ្ជាក់របស់លោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូន ក្នុងកិច្ចពិភាក្សាការងារជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤។
ក្នុងឱកាសនៃជំនួប លោក Geoffroy Roux De Bézieux បានលើកឡើងអំពីភាពជាដៃគូដ៏ល្អប្រសើរ ក៏ដូចជាការភ្ជាប់នូវទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសកម្ពុជា-បារាំង ហើយតាមរយៈដំណើរទស្សនកិច្ចនេះ លោកប្រធាននឹងបន្តជំរុញ និងចែករំលែកព័ត៌មានអំពីកម្ពុជាទៅដល់វិនិយោគិននិយាយភាសាបារាំង ឱ្យមកវិនិយោគនៅព្រះរាជាណាចក្រកម្ពុជាបន្ថែមទៀត។ ព្រមជាមួយគ្នានេះ លោកប្រធាន APF រំលេចអំពីការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនាខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋបារាំង ហើយប្រទេសបារាំងបានគាំទ្រយ៉ាងពេញទំហឹងចំពោះបេក្ខភាពកម្ពុជា និងសង្ឃឹមថាកម្ពុជានឹងបានធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ខាងមុខនេះ។ ការរៀបចំកិច្ចប្រជុំកំពូលនេះនឹងជាឱកាសក្នុងការទាក់ទាញបណ្ដាក្រុមហ៊ុនវិនិយោគ ពីបណ្ដាប្រទេសហ្វ្រង់កូហ្វូនីជុំវិញពិភពលោក មកវិនិយោគនៅក្នុងកម្ពុជា។
ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងកម្ពុជា និងបារាំង ក៏ដូចជាការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន និងវិស័យឯកជន រវាងប្រទេសទាំងពីរផងដែរ។ ទន្ទឹមនោះ សម្ដេចធិបតី ក៏បានគូសបញ្ជាក់អំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកម្ពុជា-បារាំងឱ្យកាន់តែរឹងមាំបន្ថែមទៀត។
បន្ថែមលើនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានបង្ហាញនូវភាពរីករាយចំពោះក្រុមហ៊ុនបារាំង ដែលបានមកបោះទុនវិនិយោគនៅព្រះរាជាណាចក្រកម្ពុជា ដែលនេះបង្ហាញពីជំនឿចិត្តយ៉ាងខ្លាំងក្លារបស់វិនិយោគិនបារាំងហើយសម្ដេចធិបតី សង្ឃឹមថា ការភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជននៃប្រទេសទាំងពីរនឹងកាន់តែរីកចម្រើនបន្ថែមទៀត៕