សៀមរាប៖ កិច្ចប្រជុំលើកដំបូង នៃគណៈកម្មការអន្តរក្រសួងដើម្បីសិក្សា និងអនុវត្តគម្រោងស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ៣៨ខ្សែ នៅទីក្រុងសៀមរាប បានប្រព្រឹត្តទៅលើទឹកដីអង្គរ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ មានសមាសភាពចូលរួមសរុប ១១១នាក់។
កិច្ចប្រជុំបានសម្តែងនូវកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចផ្តល់ថវិកាសម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ក្នុងបំណងកែលម្អហេដ្ឋារចនាសម្ព័ន្ធទីក្រុង បង្កើតការងារស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សម្រួលចរាចរណ៍ បង្កើនសោភ័ណភាព ជំរុញកំណើនភ្ញៀវទេសចរ និងកំណើនសេដ្ឋកិច្ចជាតិ។
ក្រោយពីស្តាប់របាយការណ៍ស្តីពីផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប របស់ក្រុមការងារបច្ចេកទេសនៃក្រសួងសាធារណការនិងដឹកជញ្ជូន និងបទបង្ហាញស្តីពីនគរូបនីយកម្ម និងស្ថាបត្យកម្មផ្លូវក្រុង របស់ក្រុមការងារបច្ចេកទេសនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំបានពិភាក្សានិងសម្រេចជ្រើសរើសខ្សែផ្លូវសរុបចំនួន៣៨ខ្សែ ប្រវែងសរុប ១០០គ.ម ដោយអនុលោមតាមផែនការមេ និងតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាបចក្ខុវិស័យឆ្នាំ២០៣៥ ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ដោយសេចក្តីសម្រេចលេខ០០៤ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ របស់គណៈកម្មាធិការរៀបចំដែនដីនិងនគរូបនីយកម្មថ្នាក់ជាតិ និងផែនការមេនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅក្រុងសៀមរាប ខេត្តសៀមរាប។
ក្នុងគោលដៅលើកកម្ពស់ការបម្រើសេវាជូនប្រជាពលរដ្ឋនិងអ្នកទេសចរនៅក្នុងក្រុងសៀមរាប និងធ្វើឱ្យក្រុងសៀមរាបក្លាយទៅជាទីក្រុងទេសចរណ៍កម្រិតពិភពលោក ខ្សែផ្លូវដែលត្រូវធ្វើការស្ថាបនានិងកែលម្អឡើងវិញទាំងអស់ នឹងត្រូវធ្វើឱ្យក្លាយទៅជាផ្លូវដែលមានមេត្រីភាពជាមួយវប្បធម៌ ប្រវត្តិសាស្រ្ត និងទេសចរណ៍ និងស្របតាមរូបសាស្រ្តទីក្រុង និងត្រូវមានការគិតគូរជាប្រព័ន្ធនិងលើគ្រប់ទិដ្ឋភាព មានជាអាទិ៍ ប្រព័ន្ធលូទឹកកខ្វក់ លូទឹកភ្លៀង ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវសម្រាប់ជនមានពិការភាព ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ និងការធ្វើសួននិងដាំដើមឈើ ។
គណៈកម្មការអន្តរក្រសួង អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋនៅក្រុងសៀមរាបទាំងអស់ ចូលរួមសហការប្រកបដោយការយោគយល់ជាមួយគណៈកម្មការអន្តរក្រសួង ក្រុមការងារបច្ចេកទេស និងអង្គភាពនិងក្រុមហ៊ុនសាងសង់ ដើម្បីឱ្យការសិក្សានិងការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវនៅក្រុងសៀមរាប ខេត្តសៀមរាប ប្រព្រឹត្តទៅបានដោយរលូននិងទទួលបានផ្លែផ្កាតាមការរំពឹងទុក៕