Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រុមហ៊ុនល្បីជប៉ុនToyota គ្រោងបើកសាលា«ជំនាញយានយន្ត»នៅកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) គ្រោងនឹងបើកសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy) នៅកម្ពុជា បន្ទាប់ពីក្រុមហ៊ុននេះបានបើកដំណើរការនូវរោងចក្រដំឡើងរថយន្តរបស់ខ្លួននៅកម្ពុជា។ នេះជាការបញ្ជាក់របស់លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) ក្នុងកិច្ចពិភាក្សាការងារជាមួយ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នារសៀលថ្ងៃទិ៨កក្កដានេះ។

ក្នុងឱកាសនៃជំនួប លោក Fujita Ryoji នាយកក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមរបស់ក្រុមហ៊ុនតូយ៉ូតាក្នុងការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត (Toyota Academy)នៅព្រះជាណាចក្រកម្ពុជា ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កន្លងមកនេះ និងគោរពស្នើសុំអនុសាសន៍ណែនាំពីសម្ដេច ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងការរៀបចំបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្ត។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃក្រុមហ៊ុនតូយ៉ូតា។ទន្ទឹមនោះ សម្ដេចក៏បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុនលើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា ដោយសម្ដេច បានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីពិភាក្សាលម្អិតអំពីការរៀបចំបង្កើតសាលា និងការកំណត់ម៉ូដែលអាជីវកម្ម។ ព្រមជាមួយគ្នានេះ សម្ដេចធិបតី ក៏បានផ្ដល់អនុសាសន៍ដល់ក្រុមហ៊ុនក្នុងការរៀបចំបង្កើតសាលាបណ្តុះបណ្តាលនេះជា២ជម្រើស៖ (១)ក្រុមហ៊ុនអាចរៀបចំបង្កើតសាលាបណ្ដុះបណ្ដាល ដោយក្រុមហ៊ុនផ្ទាល់តែម្តង និង(២) ជាទម្រង់កូនកាត់ (Hybrid) ដោយសហការជាមួយនឹងសាលាបណ្តុះបណ្តាលរបស់រាជរដ្ឋាភិបាលដែលមានស្រាប់ តាមរយៈកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

បន្ថែមលើនេះ សម្ដេច ហ៊ុន ម៉ាណែត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុន ពិនិត្យលទ្ធភាពក្នុងការរៀបចំការបណ្តុះបណ្តាលនេះឱ្យមានលក្ខណៈទូលំទូលាយ ដោយមិនត្រឹមតែបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់តែបម្រើការក្នុងក្រុមហ៊ុនតូយ៉ូតា ប៉ុណ្ណោះទេ ប៉ុន្តែអាចពង្រីកវិសាលភាពនៃការបណ្ដុះបណ្ដាលដល់យុវជនកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សាការងារផ្នែកយានយន្ត ទាំងក្នុង និងក្រៅប្រទេស នាពេលអនាគត។

គួរបញញជាក់ថា ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) Co., Ltd ជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០២២ និងមានរោងចក្រផ្គុំ និងដំឡើងរថយន្ត ដែលត្រូវបានសម្ពោធជាផ្លូវការនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។ ក្រុមហ៊ុននេះ មានទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ ជាមួយទុនវិនិយោគប្រមាណជិត ៣៧លានដុល្លារអាម៉េរិក៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង