ភ្នំពេញ៖ គិតចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងថ្មី, គម្រោងពង្រីកផលិតកម្ម, និងគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ ៣,២ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៦៨.៥៧២កន្លែង។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំឆមាសទី១ ឆ្នាំ២០២៤ រួមមាន៖ ក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន៨គម្រោង ដូចជា ការវិនិយោគលើការបង្កើត និងធ្វើអាជីវកម្មសណ្ឋាគារផ្កាយ៥ ការវិនិយោគសាងសង់វារីអគ្គិសនីស្ទឹងមេទឹក និងគម្រោងវិនិយោគសាងសង់សួនកម្សាន្តបែបទំនើបជាដើម។ រីឯគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន៨គម្រោងដូចគ្នា ដូចជា គម្រោងវិនិយោគកែច្នៃអាលុយមីញ៉ូម គម្រោងវិនិយោគផលិតបន្ទះហ្វាំងគ្រប់ប្រភេទ និងគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្ដាខេត្តមួយចំនួន។
ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ វិស័យឧស្សហកម្មទទួលបានការវិនិយោគច្រើនជាងគេ គឺស្ថិតក្នុងទុនវិនិយោគចំនួន ១,៨៤៣,៩០៨,៨០៥.០០ ដុល្លារ, ហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗចំនួន ៧៥៣,០១៨,៨១៧.០០ ដុល្លារ, វិស័យទេសចរណ៍ ៥៨៨,៩០០,២០០.០០ ដុល្លារ, និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ចំនួន ៧២,១៥៨,៨៩៦.០០ ដុល្លារ៕