ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤កន្លងទៅនេះ បាននាំយកថវិកាលើកទី៤ ចំនួនប្រមាណ៣៣ម៉ឺនដុល្លារអាម៉េរិក ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា។ ការបរិច្ចាគនេះ គឺជាផ្នែកមួយនៃការចូលរួមយុទ្ធនាការ"១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជាប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា។
បើតាមលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា បានលើកឡើងថា នេះជាលើកទី៤ហើយដែលសមាគមបានបរិច្ចាគតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជាដែលជាថវិកាបរិច្ចាគ សមមូលជាថវិកាប្រាក់ដុល្លារចំនួនប្រមាណ មួយលាន ប្រាំរយហាសិបបួនពាន់ដុល្លារអាម៉េរិក លោកអ្នកឧកញ៉ា បានសន្យាថាបន្តខិតខំកៀរគរថវិកាជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា សម្រាប់ឆ្នាំក្រោយទៀត ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យក្នុងការបន្តបេសកកម្មផ្តល់សេវាពិនិត្យ និងព្យាបាលដល់ទារក និងកុមារ ព្រមទាំងស្រ្តីមានផ្ទៃពោះ រាប់លាននាក់នៅក្នុងមួយឆ្នាំៗ ប្រកបដោយគុណភាព ឥតគិតថ្លៃ និងមិនមានភាពរើសអើង។
គួរបញ្ជាក់ថា ពិធីប្រគល់-ទទួលថវិកាបរិច្ចាគរបស់សមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា គឺរៀបចំឡើងក្រោមអធិបតីភាពរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
សូមជម្រាបថា យុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ របស់មូលនិធិគន្ធបុប្ផាកម្ពុជា បានបិទបញ្ចប់កាលពីថ្ងៃទី០១ កក្កដា ទទួលបានថវិកា និង ចំនួនសប្បុរសជន ជាង ២៤ម៉ឺននាក់ ជាមួយនឹងថវិកាបរិច្ចាគសរុបសមមូលជាប្រាក់ដុល្លារអាម៉េរិកចំនួនជាង ៣,៣ លានដុល្លារ។ ទោះបីជាយុទ្ធនាការ ”១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤នេះ ត្រូវបិទបញ្ចប់ តែមូលនិធិគន្ធបុប្ផាកម្ពុជានៅតែបន្តបេសកកម្មកៀរគរការបរិច្ចាគជាប្រចាំ ព្រោះថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវការថវិកាចំណាយចំនួនប្រមាណ ១២ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃៗ ឬស្មើនឹងប្រមាណ ៤៣លានដុល្លារ ក្នុងមួយឆ្នាំៗ៕