Cctimesw1140xh150cm copy

សាលាបឋមសិក្សាល្វាទទួលបាន«ផ្ទះបាយថ្មី»តម្លៃជាង២០លានរៀល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម

សៀមរាប៖ សាលាបឋមសិក្សាល្វា ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ទទួលបានផ្ទះបាយថ្មីតម្លៃជាង២០លានរៀល ស្ថិតក្រោមការឧបត្ថម្ភរបស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម។ ផ្ទះបាយនេះប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារជូនដល់សិស្សសាលាដែលកំពុងសិក្សានៅទីនោះ ក្នុងគោលដៅលើកកម្ពស់អាហារូបត្ថម្ភ និងការសិក្សារបស់កុមារក្នុងតំបន់មានភាពក្រីក្រ និងកាត់បន្ថយអត្រាបោះបង់ការសិក្សានៅកម្រិតបឋមសិក្សា ព្រមទាំងចូលរួមលើកកម្ពស់សេដ្ឋកិច្ចសហគមន៍ផងដែរ។

ដោយទទួលបានការគាំទ្រ និងការចូលរួមបដិភាគក្នុងការសាងសង់ផ្ទះបាយពី លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣, សាលាបឋមសិក្សាល្វា បានចាប់ផ្ដើមសាងសង់ផ្ទះបាយ រយៈពេល២ខែ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤ ក្នុងទំហំ ៤.៥ម x ៧ម ដោយចំណាយថវិកាក្នុងការសាងសង់ផ្ទះបាយអស់ចំនួន ២០ លានរៀល។ ជាមួយគ្នានេះ សាលាបឋមសិក្សាល្វា បានទទួលបដិភាគពីអង្គការ Cambo ចំនួន ៣០០០ដុល្លារអាមេរិក ក្នុងការសាងសង់រោងបាយសម្រាប់សិស្សហូប ដោយភ្ជាប់ជាមួយផ្ទះបាយសម្រាប់ចម្អិន ព្រមទាំងបដិភាគពីសហគមន៍ ក្នុងការចាក់ដី នៅបរិវេណសាលារៀនផងដែរ។

គួរបញ្ជាក់ថា សាលាបឋមសិក្សាល្វា បានបង្កើតនៅឆ្នាំ១៩៧៩ ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្វា ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប និងមានចក្ខុវិស័យ សិស្សានុសិស្សទាំងអស់ក្នុងសហគមន៍ ទទួលបានការអប់រំតាមបែបវិជ្ជមាន ដ៏មានគុណភាពខ្ពស់ក្នុងសាលា ដើម្បីឱ្យពួកគេអភិវឌ្ឍទាំងកាយសម្បទា, វិជ្ជាសម្បទា, បំណិនសម្បទា និងចរិយាសម្បទា អាចបន្តការសិក្សាយ៉ាងល្អប្រសើរ នៅកម្រិតសិក្សាខ្ពស់ៗ និងមានជីវិតរស់នៅដោយរីករាយ និងសុខដុមរមនា និងបានចាប់ផ្ដើមអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ដែលរាជរដ្ឋាភិបាលបានទទួលយក កាលពីឆ្នាំសិក្សា២០២១-២០២២។ បច្ចុប្បន្ន សាលាបឋមសិក្សាល្វា មានសិស្សសរុបចំនួន ៤០៧នាក់ ស្រី ១៨៥នាក់, គ្រូបង្រៀនសរុប ១១នាក់ ស្រី ៨នាក់ មានអាគារ ២ ខ្នង ស្មើ ៨បន្ទប់ ដោយសិស្សទទួលបានអាហារពេលព្រឹកចំនួន ២០០នាក់ ស្មើនឹង៥០% នៃសិស្សសរុប៕



ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង