សៀមរាប៖ ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង២០០០នាក់ក្នុង១ថ្ងៃ និងជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។នេះបើយោងតាមរបាយការណ៍ពីអាកាសចរស៉ីវិលកម្ពុជា។
លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៉ីវិល បានប្រាប់ស៊ីស៊ីថាមស៍ថា នៅថ្ងៃទី៤ ខែកក្កដានេះថា ជាមធ្យមក្នុងរដូវកាល Low Season នេះ មានអ្នកដំណើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាមធ្យមប្រមាណជាង ២០០០នាក់ក្នុង១ថ្ងៃ និង ជើងហោះហើរជាមធ្យមប្រមាណជាង ៣០ជើងក្នុង១ថ្ងៃ (ចំនួនជើងទៅមក)។
បើតាមមន្ត្រីអ្នកនាំពាក្យរូបនេះ នៅរយៈពេល៥ខែដើមឆ្នាំ២០២៤នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសមានចំនួន ២.៦ លាននាក់។ ប៉ុន្មានខែចុងក្រោយនេះ ចំនួនអ្នកដំណើរតាមផ្លូវអាកាសមានការធ្លាក់ចុះបន្តិច តែបើធៀបទៅនឹងខែមុន (រវាងខែមិថុនា ធៀបនឹងខែឧសភា) ចំនួនអ្នកដំណើរមានការធ្លាក់ចុះប្រមាណជិត ៨%។
គួរបញ្ជាក់ថា តាមរយៈវីដេអូដែលថតដោយមន្ត្រីឈរជើង នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចន្លោះថ្ងៃទី១ ដល់ទី៤ ខែកក្កដា ឆ្នាំ២០២៤ ភ្ញៀវទេសចរដែលធ្វើដំណើរមកខេត្តសៀមរាបនៅតែមាន គ្រាន់តែមានចំនួនតិចជាងមុន មិនដូចកាលពីដើមឆ្នាំ និង ចុងឆ្នាំនោះឡើយ៕