សៀមរាប៖ កូនឈើចម្រុះចំនួន ៦,១៥០ ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ ជូនដល់សាធារណជន ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីយកទៅដាំនៅតាម វត្តអារាម សាលារៀន បរិវេណទីបញ្ជាការ និងទីតាំងផ្សេងទៀត។
ការចែកជូនកូនឈើទាំងនេះ រួមមាន កូនឈើចម្រុះជូនតំណាងកងពលធំអន្តរាគមន៍លេខ២ ចំនួន៣,០០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណទីបញ្ជាការ ស្ថិតនៅភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ផ្តល់ជូនអ្នកស្រី សាញ់ សោភ័ណ្ឌ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៨០ដើម ដើម្បីយកទៅដាំតាមដងផ្លូវ នៅភូមិពួក ឃុំពួក ស្រុកពួក ខេត្តសៀមរាប។ លោក ប្រាង គឹមស៊ីន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១,២០០ដើម ដើម្បីយកទៅដាំក្នុងបរិវេណវត្តអារាម ស្ថិតនៅភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ កូនឈើចម្រុះក៏បានផ្ដល់ជូនលោក ប៉េង ពិសិដ្ឋ បម្រើការងារនៅក្រុមហ៊ុនតូតាល់អេនើជី(ខេមបូឌា)ឯ.ក ចំនួន២៥ដើម ដើម្បីយកទៅដាំនៅរាជធានីភ្នំពេញ។
ក្រៅពីនេះ អាជ្ញាធរជាតិអប្សរា ក៏បានប្រគេនកូនឈើចម្រុះជូនព្រះអង្គ រតនសារោ ទិត្យ ដារ៉ា ចំនួន៩០០ដើម ដើម្បីយកទៅដាំលំអក្នុងបរិវេណវត្តរមណីយារាម ស្ថិតក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អង្គការ IDE ចំនួន១០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។ អង្គការ FAO ចំនួន៦០០ដើម ដើម្បីយកទៅដាំតាមមាត់ស្ទឹងសៀមរាប ស្ថិតនៅខាងជើងស្ពានរ៉ោករ៉ាកនៃរមណីយដ្ឋានអង្គរ។
ជាមួយគ្នានោះ ក៏បានផ្ដល់កូនឈើចម្រុះជូនលោក ឡុង សុជាតិ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន៧៥ដើម ដើម្បីយកទៅដាំអមតាមផ្លូវ នៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។ លោក ម៉ៅ រតនា ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន២០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន នៅជើងភ្នំគូលែន និងផ្តល់កូនគ្រញូងជូនលោក សួម វីរៈ ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប ចំនួន១៥០ដើម ដើម្បីយកទៅដាំដីផ្ទាល់ខ្លួន និងតាមផ្លូវជាតិលេខ៥ ស្ថិតនៅស្ថិតនៅភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង។
គួរបញ្ជាក់ថា ប្រភេទកូនឈើចម្រុះទាំងនោះ មានដូចជា ដើមយាង, ធ្នង់, បេង, គ្រញូង, ត្រាច, គគីរ, ក្ងោក, ច្រេស, សរុប ចំនួន ៦,១៥០ ដើម ត្រូវបានអាជ្ញាធរជាតិអប្សរាចែកចាយ ជូនដល់សាធារណជន ចាប់ពីថ្ងៃទី ២៤ ខែមិថុនា ដល់ថ្ងៃទី ០២ ខែ កក្កដា ឆ្នាំ ២០២៤៕