ភ្នំពេញ៖ ស្ដ្រីជនជាតិអូស្ដ្រាលី អ្នកស្រី Gina Rinehart ទទួលបានប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស សហមេត្រី The Grand Cross ពីព្រះមហាក្សត្រ នរោត្តម សីហមុនី ក្នុងការងារសប្បុរសធម៌របស់លោកស្រី ដែលបានសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់ក្មេងស្រីក្រីក្រ និងផ្តល់លទ្ធភាពឱ្យពួកគេទទួលបានការអប់រំនៅសាកលវិទ្យាល័យ។
ស្ត្រីមានបំផុតក្នុងប្រទេសអូស្ត្រាលី អ្នកស្រី Gina Rinehart ទទួលបានប្រកាសនីយប័ត្រ គ្រឿងឥស្សរិយយស សហមេត្រី The Grand Cross សម្រាប់ជនមិនមែនជាពលរដ្ឋខ្មែរ ពីព្រះមហាក្សត្រ នរោត្តម សីហមុនី។ មូលនិធិក្តីសង្ឃឹមរបស់លោកស្រី Gina Rinehart បានសហការជាមួយមូលនិធិកុមារកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់ក្មេងស្រីក្រីក្រ និងផ្តល់លទ្ធភាពឱ្យពួកគេទទួលបានការអប់រំនៅសាកលវិទ្យាល័យ។
មហាសេដ្ឋីរ៉ែអូស្ត្រាលីរូបនេះ ត្រូវបានគេថតរូបពាក់ខ្សែឆៀងរាជវង្សពណ៌ក្រហម ខណៈក្មេងស្រី ១០ នាក់ ដែលឈរក្បែរអ្នកស្រី ញញឹមដោយមោទនភាព។ រូបភាពនេះត្រូវបានគេយល់ថា អ្នកស្រីRinehart មានទំនាក់ទំនងជិតស្និទ្ធជាមួយពួកគេ ចាប់តាំងពីការជួបគ្នាលើកដំបូង។ នៅក្នុងបទសម្ភាសន៍ឆ្នាំ២០១៥ អ្នកស្រី Rinehart បានហៅក្មេងស្រីទាំងនោះថា«កូនស្រីខ្មែរ»។ ការងារសប្បុរសធម៌របស់អ្នកស្រី Rinehart ផ្តោតលើសុខភាព ការអប់រំ និងកីឡា ជាមួយនឹងគោលបំណងផ្តួចផ្តើមនៅកម្ពុជា គឺ «លុបបំបាត់ភាពក្រីក្រ និងការរំលោភបំពាន» ដើម្បីបង្កើតការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងប្រទេស។
សូមជម្រាបថា ក្រុមហ៊ុន Hancock Prospecting ដែលជាក្រុមហ៊ុនរបស់អ្នកស្រី Rinehart បានសហការជាមួយអង្គការមូលនិធិកុមារកម្ពុជា អស់រយៈពេលជាច្រើនឆ្នាំមកហើយ តាមរយៈការបង្កើត និងបន្តផ្តល់មូលនិធិនៃកម្មវិធីអាហារូបករណ៍ Hope Scholarship ក្នុងគោលបំណងផ្តល់ឱកាសដល់យុវជនក្រីក្រ ទទួលបានការអប់រំនៅសាកលវិទ្យាល័យ៕