
ភ្នំពេញ៖អាស៊ានជាដៃគូរសំខាន់ជាងគេក្នុងខេត្តសានតុងដោយគ្រាន់តែក្នុងឆ្នាំ២០២០នេះ មានទំហំទឹកប្រាក់សរុបរវាងខេត្ដសានតុង និងអាស៊ាន មានចំនួន ២៨.៦២ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ១៥.១% ប្រៀបធៀបនឹងឆ្នាំមុន។នេះបើយោងតាមរបាយការណ៍របស់លោក Li Ganjie អភិបាលខេត្តសានតុង នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក Li Ganjie បានថ្លែងថា អាស៊ានជាតំបន់ដែលខេត្តសានតុងបានវិនិយោគច្រើនជាងគេតាមគម្រោងកិច្ចសហប្រតិបត្ដិការ ”ផ្លូវ និងខ្សែក្រវ៉ាត់”។ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការរវាងខេត្ដសានតុង និងអាស៊ានលោក Li Ganjieបានផ្តល់នូវគោលការណ៍គ្រិះចំនួន៤ ក្នុងនោះមានជាអាទិ៍៖
១. ការពង្រីក និងផ្លាស់ប្ដូរផលិតផលរវាងខេត្ដសានតុង និងអាស៊ាន៖ ខេត្តសានតុង និងបណ្ដាប្រទេសអាស៊ានមានការបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកក្នុងវិស័យឧស្សាហកម្ម និងជួយសម្រួលដល់ការផ្លាស់ប្ដូរពាណិជ្ជកម្ម។ ខេត្តសានតុង ស្វាគមន៍ដល់បណ្ដាក្រុមហ៊ុនមកពីប្រទេសអាស៊ានដើម្បីចូលរួមពិព័រណ៍ និងគាំទ្រផលិតផលអាស៊ានដែលមានគុណភាពខ្ពស់ដើម្បីចូលទៅក្នុងទីផ្សារខេត្ដសានតុង។
២. ជំរុញសក្ដានុពលវិនិយោគទ្វេភាគី៖ ខេត្ដសានតុង បន្ដលើកទឹកចិត្ដសហគ្រាសនៅក្នុងខេត្ដសានតុងដើម្បីពង្រីកការវិនិយោគនៅក្នុងបណ្ដាប្រទេសអាស៊ាន និងចូលរួមវិភាគទានបន្ថែមទៀតដើម្បីជំរុញការអភិវឌ្ឍន៍ សេដ្ឋកិច្ចក្នុងស្រុក និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។
៣. ពង្រីកកិច្ចសហប្រតិបត្ដិការសួនឧស្សាហកម្ម៖ ខេត្ដសានតុង មានតំបន់អភិវឌ្ឍន៍ចំនួន ១៨១ប្រភេទ មានតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ច និងតំបន់បច្ចេកវិទ្យាថ្នាក់ជាតិចំនួន ១៥ និងតំបន់បច្ចេកវិទ្យាថ្នាក់ជាតិជាន់ខ្ពស់ចំនួន ១៣។ នាពេលបច្ចុប្បន្ន សហគ្រាសខេត្តសានតុង បានវិនិយោគតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មចំនួន ៥ នៅកម្ពុជា ឥណ្ឌូនេស៊ី និងវៀតណាម។
៤. ពង្រីកទំហំពាណិជ្ជកម្ម សេវាកម្ម ៖ ពាណិជ្ជកម្ម និងសេវាកម្ម អន្ដរជាតិ-ចិនឆ្នាំ២០១៦ នឹងលើកកម្ពស់ក្នុងការពង្រីកសេវាកម្មពាណិជ្ជកម្ម ប្រកបដោយគុណភាពខ្ពស់ ហើយរំពឹងថាខេត្ដសានតុង-អាស៊ាន នឹងពង្រីកកិច្ចសហប្រតិបត្ដិការវិនិយោគនៅក្នុងសេដ្ឋកិច្ចឌីជីថលក្នុងយុគសម័យទំនើបនេះ។
តំណាងឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ស៊ាង ថៃ បានស្វាគមន៍ដល់ភាគីខេត្តសានតុង ដែលបានចូលរួមក្នុងកិច្ចប្រជុំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវាងប្រទេសទាំងពីរ ជាពិសេសកិច្ចទំនាក់ទំនងល្អ វាងកម្ពុជា និងចិន លើកិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យា ទំនាក់ទំនងអេឡិចត្រូនិច វិនិយោគ ហិរញ្ញវត្ថុ ធនាគារ ទេសចរណ៍ និងវប្បធម៌ អរិយធម៌។
បើតាមឯកឧត្តម ស៊ាង ថៃ ការវិនិយោគចិន មកកម្ពុជាឈរនៅលំដាប់ថ្នាក់ខ្ពស់បំផុត ដោយមានការកើនឡើងរហូតដល់ ៨.៥៦ ពាន់លានដុល្លារអាមេរិក ក្នុងនោះការនាំចេញមកកម្ពុជាមាន ៧.៥៦ ពាន់លានដុល្លារអាមេរិក និងនាំចូលពីកម្ពុជាមាន ១ ពាន់លានដុល្លារអាមេរិក គឹតត្រឹមឆ្នាំ២០១៩។ បើពិនិត្យមើល ការនាំចេញ-នាំចូលរវាងកម្ពុជា និងខេត្តសានតុង ការនាំចូលពីខេត្តសានតុងមកកម្ពុជា ៤១៤ លានដុល្លារអាមេរិក និងការនាំចេញពីកម្ពុជាទៅខេត្តសានតុង ៣៤ លានដុល្លារអាមេរិក គិតត្រឹមឆ្នាំ២០១៩៕